(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ រួមគ្នាក្នុងការថែរក្សាសុខសន្តិភាព ដើម្បីធានាឲ្យកម្ពុជា កាន់តែមានការអភិវឌ្ឍរីកចំរើន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ដោយភាពកក់ក្តៅសម្បូរសប្បាយ និងគ្មានការរំខានពីការគោរពប្រតិបត្តិជំនឿសាសនា។

ការជំរុញបែបនេះ របស់ លោក ឃួង ស្រេង ក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រកុលធីតាជាង៥៦០អង្គ/នាក់ នៅវត្តភ្នៀតសម្ពលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរយនាក់ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

លោក ឃួង ស្រេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជា មកដល់ពេលនេះ បានមកដោយលំបាកណាស់។ ដូច្នេះទេ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យគង់វង្សទោះក្នុងរូបភាពណាក៏ដោយ មិនឲ្យជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។

ជាមួយគ្នានោះ លោក ឃួង ស្រេង ជំរុញឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ឲ្យបង្កើនការ បំពេញតួនាទីឲ្យកាន់តែខ្លំាងក្លា ក្នុងការអប់រំសង្គមឲ្យមានសន្តិភាព គ្មានអំពើហិង្សាស្របពេល ដែលវិស័យព្រះពុទ្ធសាសនា មានការរីកចំរើន ហើយប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយល្អ។

លោកបន្ថែមថា រាជរដ្ឋាភិបាល បានចាត់ទុកព្រះសង្ឃ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាព និងគ្មានអំពើហិង្សា។ លោកបន្តថា រាជរដ្ឋាភិបាល បានលើកទឹកចិត្ត ឲ្យព្រះសង្ឃ បានអប់រំសង្គម តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ដែលត្រូវបានអប់រំផ្សាយ នៅគ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍។

បន្ថែមពីនេះទៀត ការផ្តល់ពុទ្ធឱវាទរបស់ព្រះសង្ឃ តាមរយៈការសម្តែងធម៌ទេសនា នៅក្នុងទីវត្តអារាម និងកម្មវិធីបុណ្យនានា ដោយបញ្ជូលសារអប់រំដូចជាឲ្យប្រព្រឹត្តអំពើល្អ ចាកឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹងមិនប្រើប្រាស់អំពើហិង្សា និងមិនប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឃួង ស្រេង។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ការកសាងសុខសន្តិភាពបានល្អ ពិតជាបានជួយឲ្យវិស័យពុទ្ធចក្រ មានការរីកចំរើនទៅតាមនោះដែរ ជាក់ស្តែងគ្រប់ទីវត្តអារាមទាំងអស់ បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងល្អសម្រាប់ទុកឲ្យពុទ្ធបរិស័ទគោរពប្រតិបត្តិ ទៅតាមគន្លងប្រពៃណីសាសនា។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យ នន្ទ ង៉ែត បានមានព្រះបន្ទូលទៀតថា បច្ចុប្បន្នព្រះសង្ឃគ្រប់ព្រះអង្គ បានគោរពប្រតិបត្តិធម៌វិន័យ និងការសិក្សាមានចំណេះដឹង ឲ្យកាន់តែជ្រៅជ្រះទំាងផ្លូវលោក និងផ្លូវធម៌ ដើម្បីជួយអប់រំផ្លូវចិត្តប្រជាពលរដ្ឋ ឲ្យមានស្មារតីរស់នៅក្នុងសង្គម ប្រកបដោយសុខសន្តិភាពមិនចងគំនំ ហើយស្រលាញ់រាប់អានគ្នា និង ប្រាស់ចាក់ពីអំពើអបាយមុខ ផ្ទុយនឹងច្បាប់សង្គមជាដើម៕