(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ចើញជាអធិបតីភាពក្នុងពិធិប្រគល់-ទទួលអគារសិក្សាមួយខ្នងប្រាំបន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាត្រពាំងប្រាសាទ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជំនួយសប្បុរធម៌របស់សមាគម YMCA-JEJU នៃសាធារណរដ្ឋកូរ៉េ តាមរយៈផ្ទាល់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តកូរ៉េ តំណាងដោយលោក Bang Shik-shin ប្រធានក្រុមប្រឹក្សាភិបាលសមាគម YMCA-JEJU ដែលបានឆ្លើយតបតាមសំណូមពររបស់លោកជួយសាងសង់អគារសិក្សាមិត្តភាពកម្ពុជា-កូរ៉េ មួយខ្នង ៥បន្ទប់ ដែលជាតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស។
លោកទេសរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគម YMCA-JEJU ទាំងអស់គ្នា ដែលបានចូលរួមកម្លាំងសាមគ្គីមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានចូលរួមកសាងសង្គមជាតិតាមរយៈវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេស លោកគ្រូ-អ្នកគ្រូ បានខិតខំប្រឹងប្រែង និងការយកចិត្តទុកបង្រៀនសិស្សានុសិស្ស ឲ្យប្រែក្លាយជាកូនល្អ មិត្តល្អ និងសិស្សពូកែ ដើម្បីក្លាយជាទំពាំងស្នងឬស្សីសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បានវាយតម្លៃខ្ពស់ និងគាំទ្រខ្លាំងចំពោះវិស័យអប់រំ ដោយបានចាត់ទុកវិស័យអប់រំ ជាស្ពានឆ្ពោះទៅរកការកសាងអនាគតប្រទេសជាតិមួយ ឲ្យមានរីកចំរើន ក្នុងនោះ ជីវភាពរស់នៅរបស់លោកគ្រូ-អ្នកគ្រូ ក៏ត្រូវបានដោះស្រាយផងដែរ។
លោក Bang Shik-shin ប្រធានក្រុមប្រឹក្សាភិបាលសមាគម YMCA-JEJU ក្នុងនាមសមាគម YMCA-JEJU នៃសាធារណរដ្ឋកូរ៉េ មានសេចក្តីរីករាយ បានចូលរួមសាងសង់អគារសិក្សាមិត្តភាព កម្ពុជា-កូរ៉េ មួយខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងក្រសាំង ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក Bang Shik-shin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដែលបានផ្តល់ឱកាសឲ្យសមាគម YMCA-JEJU និងជួយសម្របសម្រួល សាងសង់អគារសិក្សានេះ ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ថ្នាក់ដឹកនាំសមាជិក សមាជិកា នៃលោក Bang Shik-shin សមាគម YMCA-JEJU ពិតជាមានសេចក្តីរំភើប ដែលធ្វើការជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សម្រាប់វិស័យអប់រំនៅកម្ពុជានេះ៕