(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នជ បានចេញសេចក្តីប្រកាសមួយសម្តែងការសាទរ ដល់ជំនួបរវាង មេដឹកនាំកំពូលចិន និងអាមេរិក ក៏ដូចជាមេដឹកនាំកំពូលអាមេរិក ជាមួយនឹង មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅអំឡុងកិច្ចប្រជុំកំពូល G20 នាប្រទេសជប៉ុន

អង្គភាពអ្នកនាំពាក្យ បានស្វាគមន៍ និងសាទរចំពោះការយល់ស្របជាគោលការណ៍ ដែលធ្វើឡើងដោយប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីង ពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ចេ ត្រាំ នៅក្រៅកិច្ចប្រជុំផ្លូវការនេះ ក្នុងកិច្ចបន្តការចរចា ដើម្បីឈានទៅរកការពង្រឹងពាណិជ្ជកម្មសេរីទ្វេភាគី។

អង្គភាពអ្នកនាំពាក្យ ក៏យល់ឃើញផងដែរថា ការចូលរួមរបស់អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក និងថ្នាក់ដឹកនាំរបស់ប្រទេសឧស្សាហកម្មសំខាន់ៗ នៅក្នុងកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុន បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់កាន់តែខ្ពស់ ចំពោះការរួមចំណែកអភិវឌ្ឍពិភពលោកដោយចីរភាព។

អង្គភាពអ្នកនាំពាក្យ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចប្រជុំកំពូល G20 បានគ្របដណ្ដប់របៀបវារៈសំខាន់ៗមួយចំនួនទៀត ដូចជាពាណិជ្ជកម្មសេរី បម្រែបម្រួលធាតុអាកាស បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាការគិតគូទៅដល់ផ្នែកបរិស្ថាន និងប្រធានបទផ្សេងៗទៀត។

អង្គភាពអ្នកនាំពាក្យ សម្រាប់ដំណើរការវិវត្តន៍នៅឧបទ្វីបកូរ៉េ បានយល់ឃើញ និងវាយតម្លៃខ្ពស់ ចំពោះជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ចេ ត្រាំ នៅចុងសប្ដាហ៍កន្លងមកនេះ ក៏បង្ហាញឱ្យឃើញនូវការចូលរួមវិភាគទានសម្រាប់ផលប្រយោជន៍នៅឧបទ្វីបកូរ៉េ ក៏ដូចជាសន្ដិសុខពិភពលោកផងដែរ។

ចំណែកឯ ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ចេ ត្រាំ និងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) លោក គីម ជុងអ៊ុន នៅតំបន់ដែលគ្មានយោធា (DMZ) ក៏ជាការបង្ហាញឱ្យឃើញនូវសុឆន្ទៈពិតប្រាកដ របស់មេដឹកនាំទាំងពីររូបនេះ ដើម្បីប្រែក្លាយពីភាពប្រទូសរ៉ាយជាអចិន្ត្រៃយ៍ ដែលបានអូសបន្លាយអស់រយៈពេល៧០ឆ្នាំ ជំនួសដោយការដោះស្រាយតាមរបៀបការទូត និងវប្បធម៌សន្ទនា ដើម្បីឈានទៅរកដំណោះស្រាយដ៏សមស្របមួយ និងប្រែក្លាយឧបទ្វីបកូរ៉េនេះ បានទទួលនូវសន្តិភាពពេញលេញ និងចីរភាពក្នុងការអភិវឌ្ឍឧបទ្វីបនេះ ក៏ដូចជាការរួមចំណែកដល់សុខុមាលភាពប្រជាជនក្នុងតំបន់ និងពិភពលោកទាំងមូល។

អង្គភាពអ្នកនាំពាក្យ បានរំលឹកផងដែរថា កម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន បានប្រែក្លាយព្រំដែនកម្ពុជាដោយជោគជ័យ ពីសមរភូមិទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖