(ភ្នំពេញ)៖ ឆ្លើយតបកង្វល់របស់ក្រសួងអប់រំ យុវជន និងកីឡា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចឲ្យសាងសង់ អគារកម្ពស់៥ជាន់ ៥០បន្ទប់ សម្រាប់វិទ្យាស្ថានពិសេស ក្នុងការបណ្តុះបណ្តាលជាន់ខ្ពស់ ដល់កុមារពិការភ្នែក និងគ ថ្លង់ នៅសាលាគ្រួសារថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការសម្រេចនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់ នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលា ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំដោះស្រាយបញ្ហា ដែលជាកង្វល់ របស់ឯកឧត្ដម ហង់ ជួន ណារ៉ុន ទាក់ទិនជាមួយនឹងទីតាំងវិទ្យាស្ថានជាតិអប់រំពិសេស មិនទាន់មាននៅឡើយទេ ដោយបច្ចុប្បន្នកំពុងខ្ចីទីកន្លែង របស់វិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី ជាបណ្ដោះអាសន្ន...រៀបចំដីសាងសងអគារចំនួន៤ជាន់»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា សម្ដេចនឹងធ្វើឲ្យសាលាគ្រួសារថ្មី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនេះ ទៅជាមជ្ឈមណ្ឌល នៃការបណ្ដុះបណ្ដាលមួយជាក់លាក់ និងត្រូវពង្រឹងទីតាំង វិទ្យាល័យពិសេស ទាំង៥កន្លែងឲ្យមានវិទ្យាស្ថានមួយ សម្រាប់ការបណ្ដុះបណ្ដាលជាន់ខ្ពស់បន្ថែមទៀត។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា «ធនធានមនុស្សយើង អាចជ្រើសរើសក្នុងចំណោម អ្នកដែលរៀនជាន់បរិញ្ញា បរិញ្ញាជាន់ខ្ពស់ យកមកបង្រៀនបន្ដនៅកន្លែងនេះ ហើយការស្រាវជ្រាវផ្សេងៗ យើងនៅតែបន្ដទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបែបនេះដើម្បីឲ្យផ្នែកនេះទទួលបាននូវការអប់រំ កាន់តែល្អសុខភាពរបស់កុមារ របស់យុវជន ដែលពិកាភ្នែក និងគ ថ្លង់ នៅតែត្រូវបានធានា។
សូមបញ្ជាក់ថា សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាល គ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ៕