(ស្វាយរៀង)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង និងកម្លាំងវរសេនាតូច៦០៩-៦១១ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានស៊ើបអង្កេតស្រាវជ្រាវ ឈានទៅដល់ការបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន ដោយឃាត់បានជនជាតិវៀតណាម ២នាក់ នៅផ្ទះជួលតែម្តង ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ វិន ធីឡាង ភេទស្រី អាយុ៥៦ឆ្នាំ ស្រុកកំណើតភូមិធីវ៉ា ឃុំមីថាន់ ទីរួមខេត្តឡុងសៀង ប្រទេសវៀតណាម មានទីលំនៅបច្ចុប្បន្ន នៅផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន ចំនួន២កញ្ចប់ ទម្ងន់២៧ក្រាម និង២៣មីលីក្រាម និងទី២៖ ឈ្មោះ រ័ត្ន ដែប ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីនចំនួន ២២កញ្ចប់ធំ ទម្ងន់៤៥១ក្រាម និង៩២មីលីក្រាម។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕