(ព្រះសីហនុ)៖ ការបើកឱ្យដំណើរការជើងហោះហើរត្រង់ពីព្រលានយន្តហោះដនមឿន ប្រទេសថៃ មកកាន់ព្រលានយន្តហោះកេងកង ខេត្តព្រះសីហនុ បានចាប់ផ្តើមជាលើកដំបូង នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ។ នេះគឺជាជើងហោះហើរអន្តរជាតិទី៤ មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីចិន ម៉ាឡេស៊ី និងវៀតណាម។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានក្រុមហ៊ុនអាកាសចរចំនួន១៥ ដែលមានជើងហោះហើរជាមធ្យម៣៦ជើង ក្នុង១ថ្ងៃ។
លោកប្រធានមន្ទីររូបនេះ បានបន្តថា នៅក្នុងនោះមានក្រុមហ៊ុនហោះហើរក្នុងស្រុកចំនួន៥ ដែលមានជើងហោះហើរជាមធ្យម៤ជើង នៅក្នុង១ថ្ងៃ ចំណែកក្រុមហ៊ុនហោះហើរអន្តរជាតិមានចំនួន០៩ក្រុមហ៊ុន ដែលមានជើងហោះហើរជាមធ្យម៣២ជើង ក្នុង១ថ្ងៃ ហើយជើងហោះហើរអន្តរជាតិមកពី២៩ គោលដៅខេត្ត-ក្រុង ក្នុងនោះមានចិនចំនួន២៦ គោលដៅ ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម៕