(ភ្នំពេញ)៖ មួយថ្ងៃមុនពេលចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ក្រុមអ្នកប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច នៅដែនដីអឺរ៉ុបមួយនេះ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ នាយករដ្ឋមន្រ្តី មិនទាន់ដឹងថា ខណៈដែលសម្តេចមានវត្តមាននៅប្រទេសស្វីស នឹងមានបាតុកម្មប្រឆាំងសម្តេច ឬយ៉ាងណាទេ ប៉ុន្តែសម្តេចបានទទួលដំណឹងថា មានពលរដ្ឋខ្មែរជាច្រើន គ្រោងនឹងជួបសម្តេចអំឡុងមានវត្តមាននៅអឺរ៉ុបលើកនេះ ហើយសម្តេចទទួលបានត្រឹមតែ ៧០០នាក់ប៉ុណ្នោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី សំណេះសំណាល និងផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាឡើងវិញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបខ្លះ អំពីទស្សនកិច្ចរបស់សម្តេច នៅអឺរ៉ុប។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដឹងថា តើមានបាតុកម្មប្រឆាំងខ្ញុំឬអត់? ប៉ុន្តែទោះបីជាឡើងភ្នំភ្លើងក៏ខ្ញុំទៅ ហ្សឺណែវដែរ ម៉ោង៤៖០០ល្ងាច ថ្ងៃទី០៤ (កក្កដា) ខ្ញុំនឹងជួបពលរដ្ឋខ្មែរយើងប្រមាណ៧០០នាក់ ព្រោះកន្លែងក៏លំបាក ម្យ៉ាងទៀតចំថ្ងៃធ្វើការ តែខ្ញុំនឹងជួបនិស្សិត ពលរដ្ឋខ្មែរដែលរស់នៅអឺរ៉ុបប្រមាណ៧០០នាក់»។
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅនៅអង្គការពាណិជ្ជកម្ម ពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស្វីសពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។
កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នឹងប្រព្រឹត្តទៅក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន ហាក់ពុំមានការបារម្ភអ្វីឡើយចំពោះបាតុកម្ម ដែលញឹកញយរៀបចំឡើងដោយក្រុមប្រឆាំង ក្រៅប្រទេស។
សម្តេចបញ្ជាក់បន្ថែមថា៖ «ទៅលើកមុន គេថាធ្វើបាតុកម្មពេញហ្នឹង ប៉ុន្តែដល់ពេលខ្ញុំទៅអត់មាននរណាធ្វើបាតុកម្មទៅវិញ ណែ ! ឆ្ងល់ត្រង់ហ្នឹង ឥឡូវខ្ញុំសូមអំពាវនាវពួកនៅអឺរ៉ុបចេញមក ហ្សឺណែវ តទល់ជាមួយអ្នកទទួលមើលវាយ៉ាងម៉េច? អីពូកែរឿងធ្វើបាតុកម្មម្ល៉េះ? ក្រុមមកធ្វើបាតុកម្មតិចជាងក្រុមកទទួលស្វាគមន៍នាយករដ្ឋមន្រ្តីរបស់ប្រទេស រឿងវាចម្លែកអញ្ចឹង»៕