(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទជាលើកដំបូង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានផ្តល់បទពិសោធន៍ និងអនុសាសន៍ដ៏មានអត្ថន័យចំនួនដល់មន្ត្រីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការតាមជំនាញ និងកែសម្រួលនូវចំណុចខ្វះខាតរបស់ខ្លួន ដើម្បីបង្កើនការងារឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានប្រាប់ទៅមន្ត្រីនៅក្នុងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយទាំងអស់ ខិតខំសហការគ្នា ដើម្បីបំពេញការងារទៅតាមតួនាទីរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក របស់រដ្ឋាភិបាលក្នុងនាមជាស្ថាប័ន និងជាសេនាធិការចំណុះឱ្យរាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ត្រូវពុះពារជម្នះគ្រប់ឧបសគ្គទាំងឡាយដែលនៅចំពោះមុខ ដើម្បីសម្រេចឱ្យបានតាមផែនការរបស់ថ្នាក់លើបានកំណត់។
ដើម្បីបង្កើនសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់អនុសាសន៍ដល់មន្ត្រីទាំងអស់ ដែលបម្រើការនៅក្នុងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ ត្រូវចងជាក្រុមការងារ តាមរយៈបណ្តាញសង្គមដូចជា Facbook, Telegram, Whats App ព្រមទាំងបណ្តាញទំនាក់ទំនងផ្សេងៗទៀត ដើម្បីងាយស្រួលទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងស្ថានភាពវិវឌ្ឍន៍ថ្មីៗ ដើម្បីធ្វើការងារឱ្យទាន់ពេលវេលាផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើង ក្នុងកិច្ចប្រជុំដំបូងនេះថា មន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងអស់ចាប់ពីពេលនេះទៅ ត្រូវតែពង្រឹងសមត្ថភាពការងាររបស់ខ្លួន ព្យាយាមលប់បំបាត់នូវចន្លោះខ្វះខាតកន្លងមក ដើម្បីផលប្រយោជន៍ពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា មន្រ្តីគ្រប់រូបទទួលបានប្រាក់ខែរដ្ឋបែបនេះ ត្រូវតែបំពេញការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត និងត្រូវសហការយ៉ាងជិតស្និទ្ធជាមួយ បណ្ដាអង្គការជាតិ អន្តរជាតិ រួមទាំងសហការការងារជាពិសេសជាមួយ កាកបាតក្រហមកម្ពុជា។
បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ ត្រូវបំពេញការងារដោយសាមគ្គីភាពគ្នា និងបែងចែកការងារគ្នាច្បាស់លាស់ ដោយត្រូវចាំពីតួនាទីរៀងខ្លួនថា ខ្លួនមានតួនាទីសំខាន់ ជាអ្នកជួយប្រជាពលរដ្ឋក្នុងការទប់ស្កាត់ ឬជួយក្នុងកំឡុងពេល មានគ្រោះមហន្តរាយកើតឡើង។ មន្ត្រីទាំងអស់ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍអង្គភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពការងារជាក់ស្តែងផងដែរ។
សូមជម្រាបថា លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជំនួសតំណែង លោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។
មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់៕