(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធលាក់មុខ ដែលអាចសម្លាប់មនុស្សដោយស្ងៀមស្ងាត់ និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់ឱសថ អាជ្ញាធរឱសថប្រចាំប្រទេសជាសមាជិកអាស៊ានទាំងអស់ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព។
ការថ្លែងដូច្នេះរបស់ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព» នៅថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នាខេត្ដសៀមរាប។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្តថា ដើម្បីពង្រឹងការឆ្លើយតបរួមគ្នាប្រឆាំងការគំរាមកំហែងពីឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងតំបន់ និងដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុនសែន ដែលបានថ្លែងក្នុងឱកាសបើកសន្និសីទថ្នាក់តំបន់ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនាខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងភ្នំពេញ ដែលសម្តេចតេជោ បានសំណូមពរឱ្យប្រទេសសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ធ្វើការឲ្យកាន់តែសកម្មក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនេះ។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលកម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន (SOMHD) បានសហការជាមួយអង្គការសុខភាពពិភពលោក (WHO) រៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យមើលក្របខ័ណ្ឌច្បាប់ បទបញ្ញតិ្តនានា ដែលមានស្រាប់នៅក្នុងប្រទេសសមាជិកអាស៊ាន ស្វែងរកយន្តការរួមគ្នាបង្កើនសមត្ថភាពប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព និងពង្រឹងយន្តការអភិបាលកិច្ចដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនានា ដែលពាក់ព័ន្ធទៅនឹងគុណភាពឱសថ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងទៀតថា «ឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធលាក់មុខ ដែលអាចសម្លាប់មនុស្សដោយស្ងៀមស្ងាត់ និងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព របស់ឱសថ អាជ្ញាធរឱសថប្រចាំប្រទេសជាសមាជិកអាស៊ានទាំងអស់ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»។
លើសពីនេះ ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើផែនការសកម្មភាព រួមថ្នាក់តំបន់អាស៊ាន ជាមួយអង្គការសុខភាពពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព និងពិនិត្យចំណុចគោលសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ នៅខែសីហាខាងមុខនេះ ដែលឯកលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ធ្វើជាប្រធាននៃកិច្ចប្រជុំខាងមុខនេះ។ លទ្ធផលដែលទទួលបានពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ នឹងស្នើសុំដាក់បញ្ចូលទៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រសួងសុខាភិបាលនៃបណ្តាប្រទេសសាមាជិកអាស៊ានទាំងអស់ និងអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំនេះឡើង និងបានស្នើសុំឱ្យគ្រប់ភាគីទាំងអស់រួមគ្នាពង្រឹងបន្ថែម និងរិះរកយន្តការដ៏មានប្រសិទ្ធភាពថ្មីៗ ក្នុងទិសដៅប្រយុទ្ធប្រឆាំងការគម្រាមកំហែងឱសថក្លែងក្លាយ និងអន់គុណភាព នៅថ្នាក់តំបន់ទាំងមូល៕