(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអបអរសាទរចំពោះការអំពាវនាវជាថ្មីម្តងទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើឱ្យគ្រប់ស្ថានីយ៍ទូរទស្សន៍នៅកម្ពុជាបកប្រែភាសាសញ្ញានៅម៉ោងព័ត៌មាន ដើម្បីផ្តល់ព័ត៌មានដល់មនុស្សគ-ថ្លង់ ព្រោះនេះគឺជាការលើកកម្ពស់សិទ្ធិទទួលបានការប្រាស្រ័យទាក់ទង និងទទួលព័ត៌មានរបស់មនុស្សគ-ថ្លង់ ហើយក៏ជាការចូលរួមអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក៏ដូចជាការអនុវត្តកាតព្ធកិច្ចក្នុងនាមជារដ្ឋអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។
មិនមែនតែនៅប្រទេសកម្ពុជានោះទេ ប៉ុន្តែសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក គឺត្រូវមានកាតព្វកិច្ចលើកស្ទួយសិទ្ធិជនមានពិការ ដូចជាការអនុវត្តសិទ្ធិមនុស្សទូទៅផងដែរ “នេះជាការលើកបន្ថែមរបស់លោក ឯម ច័ន្ទមករា អ្នកជំនាញផ្នែកសិទ្ធិជនមានពិការភាពនៅកម្ពុជា” ។ លោកអគ្គលេខាធិការ បានបន្ថែមទៀតថា ការប្រមាថម៉ាក់ងាយលើជនមានពិការភាព ការប្រើពាក្យអសុរស អាខ្វាក់ អាខ្វិន អាកំបុត។ល។ ត្រូវបានហាមឃាត់ដោយច្បាប់។
យ៉ាងណាមិញ លោក ឯម ច័ន្ទមករា ក៏បានបង្ហាញក្តីមោទនភាពចំពោះការផ្ទេរការគ្រប់គ្រង់នៃសាលាភាសាសញ្ញាគ-ថ្លង់ និងពិការភ្នែករបស់អង្គការគ្រួសារថ្មី ឱ្យស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាវិញ ដោយលោកសំអាងថានេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវទទួលអនុវត្តបន្តឱ្យមានប្រសិទ្ធភាព ព្រោះរដ្ឋាភិបាលមានផែនការយុទ្ធសាស្ត្រជាក់លាក់លើវិស័យពិការភាព សំដៅជំរុញការដាក់បញ្ចូលថ្នាក់អប់រំពិសេសឱ្យកាន់តែមានសក្តានុពលបន្ថែមទៀតសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលាឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្ដងទៀត បានបន្ដអំពាវនាវដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ ឲ្យរៀបចំមានអ្នកប្រើប្រាស់ភាសាសញ្ញានៅម៉ោងព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានដល់ជនពិការគ ថ្លង់ អាចទទួលបានព័ត៌មានផ្សេងៗ ដូចមនុស្សធម្មតាដែរ។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រសិនបើស្ថានីយ៍ទូរទស្សន៍ណាមិនរៀបចំកម្មវិធីនេះ ហើយអះអាងថា ខាតរាល់ខែនោះ សម្ដេចក៏ប្រកាសជួយចេញថ្លៃផលិតព័ត៌មាន ដោយប្រើប្រាស់ភាសាសញ្ញា ដើម្បីផ្ដល់សិទ្ធិអ្នកពិការគ ថ្លង់ អាចបានទទួលនូវព័ត៌មានជាក់លាក់ តាមរយៈមធ្យោបាយទូរទស្សន៍ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន៕