(ភ្នំពេញ)៖ ថ្លែងចំពោះមុខថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់ នៃសាលាគ្រួសារថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបង្ហាញការជឿជាក់ថា ក្រោយផ្ទេរទៅឱ្យក្រសួងអប់រំយុវជន និងកីឡា គ្រប់គ្រងសាលាគ្រួសារថ្មីរួចហើយ សាលានេះនឹងមិនដើរថយក្រោយនោះឡើយ។
សេចក្តីជឿជាក់របស់ប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហាញឡើង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយ សមាជិកនៃសាលាគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «វិទ្យាសា្ថនរបស់យើងនៅតែបន្តស្រាវជ្រាវ ហើយលោក អាមាំងស៉្យុង នៅពេលណាដែលស្រាវជ្រាវបាន ធាតុចូលអ្វីថ្មី សូមកុំភ្លេចកម្ពុជា ត្រូវធ្វើអាហ្នឹង ហើយរួមចំណែក ២ឆ្នាំមកត្រួតពិនិត្យមក រួមគ្នាធ្វើសវនកម្ម ប្រៀបធៀនឹងពេលដែលផ្ទេរ បន្ទាប់ទៅតើថយក្រោយ ឬទៅមុខ? ខ្ញុំសង្ឃឹមថា មិនថយក្រោយទេ យោងទៅលើការប្តេជ្ញាចិត្ត»។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ការប្តេជ្ញាចិត្តរបស់កម្ពុជា មិនមែនប្តេជ្ញាត្រឹមតែមាត់នោះទេ គឺត្រូវតែប្តេជ្ញាធ្វើសកម្មភាពផងដែរ។ សម្តេចតេជោ ចង់ធ្វើឱ្យសាលាគ្រួសារថ្មី មានវិទ្យាស្ថានមួយសមរម្យ ជាមួយវិទ្យាល័យពិសេសមួយ ដើម្បីឱ្យអ្នកពិការ និងគ ថ្លង់ មានលទ្ធភាពរៀនដល់ឧត្តមសិក្សា។
សម្តេចមានប្រសាសន៍បន្តថា «អរគុណអ្នកទាំងឡាយដែលបានចូលរួមទីនេះ ប្រិយមិត្តដែលធ្វើដំណើរមកពីអឺរ៉ុបនោះ សូមអរគុណណាស់ ហើយសូមកុំបារម្ភ ខ្ញុំមានការទទួលខុសត្រូវ។ ២ឆ្នាំក្រោយអ្នកអាចមកជាមួយ លោក អាមាំងស៉្យុងម្តងទៀត ដើម្បីពេលនោះធ្វើសវនកម្មរួចហើយ យើងអាចជួបជុំគ្នា និយាយថាពីវឌ្ឍនភាពបែបណា ដែលយើងទទួលបានបន្ទាប់ពីការផ្ទេរ ព្រោះអ្នកទាំងនេះទោះតិចទោះច្រើន បានរួមចំណែកអមដំណើរគ្រួសារថ្មី ជាផ្លូវការនៅថ្ងៃនេះ»។
គួរបញ្ជាក់ថា បច្ចុប្បន្នសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីបែងចែកជាពីរផ្នែក គឺវិទ្យាល័យអប់រំពិសេស និងវិទ្យាស្ថានជាតិអប់រំពិសេស ហើយសាលានេះ មាន៥ទីតាំង ដែលមានគណៈគ្រប់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៨៩០នាក់។ ក្នុងនោះសិស្សមានចំនួន ៧០២នាក់ ស្រី ២៨៦នាក់, សិស្សពិការភ្នែក ១៦២នាក់ ស្រី ៦១ នាក់ និងសិស្សគ ថ្លង់ សរុប ៥៤០នាក់ ស្រី ២២៥នាក់។
សាលានេះ ត្រូវបានបង្កើតឡើងដំបូងនាឆ្នាំ១៩៩១ ហើយក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគ ថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើន ដល់អង្គការគ្រួសារថ្មី សម្រាប់ដំណើរការកម្មវិធីជារៀងរហូតមក។
ក្រៅពីរាជរដ្ឋាភិបាលកម្ពុជា សាលាគ្រួសារថ្មី ដែលត្រូវបានគ្រប់គ្រងដោយលោក អាមាំងស៉្យុង ក៏តែងតែទទួលបានជំនួយ ពីសប្បុរសជននានា ទាំងអ្នកនៅក្នុងប្រទេសកម្ពុជា និងសប្បុរសជន ដែលនៅក្រៅប្រទេសកម្ពុជា រួមទាំងជនបរទេសផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការផ្ទេរការគ្រប់គ្រងសាលា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់អ្នកធ្លាប់ជួយ ដល់អង្គការគ្រួសារថ្មី គឺត្រូវតែបន្តជួយមិនត្រូវដកថយនោះទេ ទោះត្រូវផ្ទេរទៅឱ្យក្រសួងអប់រំក៏ដោយ។
សម្តេចបានថ្លែងបញ្ជាក់បន្ត យ៉ាងដូច្នេះថា «តិចថាអស់ពី អាមាំងស៉្យុង ទៅ ធ្លាក់លើ ហង់ ជួនណារ៉ុន ស្រាប់តែនាំគ្នាដកខ្លួនចេញអស់? អត់ទេ»៕