(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវ ដល់អាជ្ញាធរត្រូវតាមដានមើលកូន របស់ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដោយសារហេតុការណ៍រលំអគារ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ។
ការមានប្រសាសន៍អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឪពុកម្តាយ ស្លាប់ទាំងអស់សល់កូនជាអនីតិជន អញ្ចើងយើងត្រូវ តាមមើលរឿងនេះតទៅទៀត ដោយមិនត្រូវទុកឱ្យកូនក្មេងនេះ គ្នាមិនបានទទួលការអប់រំ រៀនសូត្រនោះទេ អញ្ចឹងអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ត្រូវតាមមើលបញ្ហាអស់ទាំងហ្នឹង ឪពុក ម្តាយ របស់គេបានស្លាប់ទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដូច្នេះ សូមអាជ្ញាធរទាំងអស់ ចូលរួមតម្រង់ទិស ដើម្បីឱ្យកូនៗ ដែលជាអនីតិជនប្រើប្រាស់ថវិកា ដែលទទួលបានពីសប្បុរសជននានា ឱ្យចំគោលដៅ ដើម្បីកសាងអនាគតរបស់ពួកបន្ទាប់ពីបាត់បង់ឪពុក ម្តាយ នៅក្នុងឧបទ្ទវហេតុរលំអគារ។ ក៏ប៉ុន្តែ សម្រាប់អ្នកកូនរបស់ជនរគ្រោះដែលមានគ្រប់អាយុពេញវ័យ ពួកគេអាចប្រើប្រាស់វិកាទាំងនោះតាមអ្វីដែលពួកគេត្រូវការ ដើម្បីរៀបចំគ្រួសាររបស់ខ្លួនឡើងវិញ ទៅតាមអ្វីដែលក្រុមការងារបានបែងចែក។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ក្រុមអ្នកជួយសង្គ្រោះទាំងអស់ នៅក្នុងឧបទ្ទវហេតុនោះ នឹងត្រូវបំពាក់មេដាយមាស។ សម្តេចតេជោ ក៏បានថ្លែងកោតសសើរថា ប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍ រលំអគារនៅខេត្តព្រះសីហនុ មានការសហការគ្នាល្អណាស់។
សូមជម្រាបថា ក្រោយករណីបាក់រលំអគារកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ សរុប៤នាក់ យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់។ ក្រុមការងារ បានជួយសង្រ្គោះយកចេញ ពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់)៕