(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្ដងទៀត បានបន្ដអំពាវនាវដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ ឲ្យរៀបចំមានអ្នកប្រើប្រាស់ភាសាសញ្ញានៅម៉ោងព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានដល់ជនពិការគ ថ្លង់ អាចទទួលបានព័ត៌មានផ្សេងៗ ដូចមនុស្សធម្មតាដែរ។
សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលាឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រាប់ចុងក្រោយ ខ្ញុំនឹងតាមមើលគ្រប់ប៉ុស្ដិ៍ ប៉ុស្ដិ៍ណាផ្ដល់សិទ្ធិឲ្យកុមារគ ថ្លង់ មនុស្សគ ថ្លង់, ប៉ុស្ដិ៍ណាមិនផ្ដល់សិទ្ធិតានឹងតាមមើល ហើយនឹងទូរស័ព្ទត្រង់ៗទៅរកម្ចាស់ស្ថានីយ៍ទូរទស្សន៍ហ្នឹងហ្មង ហើយបើម្ចាស់ស្ថានីយ៍ទូរទស្សន៍ណាឆ្លើយថាអត់ចំណេញទេ ខាតរាល់ខែ»។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រសិនបើស្ថានីយ៍ទូរទស្សន៍ណាមិនរៀបចំកម្មវិធីនេះ ហើយអះអាងថា ខាតរាល់ខែនោះ សម្ដេចក៏ប្រកាសជួយចេញថ្លៃផលិតព័ត៌មាន ដោយប្រើប្រាស់ភាសាសញ្ញា ដើម្បីផ្ដល់សិទ្ធិអ្នកពិការគ ថ្លង់ អាចបានទទួលនូវព័ត៌មានជាក់លាក់ តាមរយៈមធ្យោបាយទូរទស្សន៍ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន។
គួរជម្រាបថា នៅក្នុងពិធីនាព្រឹកមិញនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងថា ក្រោយពេលផ្ទេរសាលាគ្រួសារថ្មី ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំហើយ ការជួបជុំមួយឆ្នាំពីរដងនៅតែធ្វើ ហើយការដើរលេងកម្សាន្តមួយឆ្នាំពីរដងនៅតែរក្សាដដែល។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានទទួលខុសត្រូវលើបញ្ហាជួយមើល និងផ្តល់សម្រាប់គ្រួសារថ្មី នៅបាត់ដំបង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជួយមើលគ្រួសារថ្មីនៅសៀមរាប និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ជួយមើលនៅខេត្តកំពង់ចាម។
សូមរំលឹកថា សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារសិក្សា របស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ៕