(ព្រះសីហនុ)៖ ដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ជាបន្ដបន្ទាប់ និងដកហូតបានថ្នាំញៀនមួយចំនួន។
នេះបើតាមរបាយការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹថា ប្រតិបត្តិការចុះបង្ក្រាបនេះ ប្រព្រឹត្តធ្វើឡើងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានល្បាតត្រួតពិនិត្យគ្រឿងញៀន នៅចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។
របាយការណ៍ដដែលបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើរួមមានទី១៖ ឈ្មោះ សំ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជាងពិដាន, ទី២៖ ឈ្មោះ ឈួន ភក្ដី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដាស់ស្គ បឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាងឡាន និងទី៣៖ ឈ្មោះ កែវ ចាន់ណៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មុខរបរកម្មករ។
ដកហូតវត្ថុតាងរួមមាន៖ ម្សម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនូន០៨កញ្ចប់ (តូច០៤កញ្ចប់ ធំ០៤កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានសួរនាំជាបណ្តុះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕