(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ មកពីគណបក្ស ប្រជាធិបតេយ្យជាច្រើននាក់ បានរិះគន់ធ្ងន់ៗ លើជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដោយចាត់ថាវាជាការលើកមុខមាត់ និងអំណាចរបស់ជនផ្ដាច់ការម្នាក់តែប៉ុណ្ណោះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នានៅក្នុងជំនួបដ៏ភ្ញាក់ផ្អើលមួយកាលពី ថ្ងៃអាទិត្យ នៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ដោយមានការកោតសរសើរពីថ្នាក់ដឹកនាំ មួយចំនួន ក្នុងនោះរួមទាំងមានសម្ដេចប៉ាប Francis ដែលបានហៅជំនួបនេះថាជាជំហានឆ្ពោះទៅ រកសន្តិភាព។
ប៉ុន្តែទន្ទឹមគ្នា ពាក្យរិះគន់ក៏បានផ្ទុះឡើងផងដែរ នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីអាមេរិក មក ពីគណបក្សប្រជាធិបតេយ្យ។ ជាក់ស្ដែង លោក Julian Castro បានហៅជំនួបត្រាំ-គីម កាលពី ថ្ងៃអាទិត្យ គ្រាន់តែជាការលើកមុខមាត់ និងអំណាចរបស់លោក គីម ជុងអ៊ុន ដែលលោកផ្ទាល់ ចាត់ទុកថាជាជនផ្ដាច់ការដ៏ឃោរឃៅម្នាក់ប៉ុណ្ណោះ។ លោក Castro បន្ថែមដូច្នេះថា៖ «លោក ត្រាំ បានលើកមុខមាត់មេដឹកនាំផ្ដាច់ការម្នាក់ ដូចជា លោក គីម ជុងអ៊ុន តាមរយៈជំនួបបីលើកមកនេះ ដោយគ្មានបង្ហាញពីភាពរីកចំរើនណាមួយសោះ...រីឯកូរ៉េខាងជើងវិញ ក៏មិនបានធ្វើតាមការប្ដេជ្ញាចិត្ត នៅក្នុងជំនួបមុនៗដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នា នៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ជាមួយការព្រមព្រៀងគ្នា ចាប់ផ្ដើមបើកកិច្ចចរចានុយក្លេអ៊ែរ ឡើងវិញ។ លើសពីនេះទៅទៀត តាមរយៈជំនួបនេះ លោក ត្រាំ បានក្លាយជាប្រធានាធិបតី អាមេរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលបានជាន់ទឹកដីកូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន ក៏ត្រូវបានគេរំពឹងដែរថា អាចនឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ ទឹកដីសហរដ្ឋអាមេរិក ក្រោយលោក ត្រាំ បានអញ្ជើញលោកមកបំពេញទស្សនកិច្ចនៅសេវិមាន នៅពេលស័ក្តិសមណាមួយ៕