(ភ្នំពេញ)៖ សមាគមដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ បានបង្ហាញគោលបំណងចង់បង្កើត «មជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស» នៅកម្ពុជា ដើម្បីផ្ដល់ការអប់រំបណ្ដុះបណ្ដាលជំនាញកែសម្ផស្សដល់យុវជន ប្រកបដោយគុណភាព ប្រសិទ្ធភាព ពិសេសគឺសុវត្ថិភាពដល់អតិថិជននៅកម្ពុជា និងក្នុងតំបន់ផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូមាសមាគមអន្តរជាតិអប់រំ ក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Harry Hwang នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំ ក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ការដែលលោកមកទស្សនកិច្ចនៅប្រទេសកម្ពុជានេះ គឺដើម្បីមកបង្ហាញគោលបំណងចង់វិនិយោគលើការបង្កើត «មជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស» ដោយសារតែលោកបានមើលឃើញសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា កំពុងមានភាពផុសផុល ដែលអាចបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិលើវិស័យនេះ។

លោក Lee បានអះអាងថា សមាគមរបស់លោកបាននិងកំពុងដំណើរការ ប្រកបដោយភាពជោគជ័យលើវិស័យកែសម្ផស្សនេះ នៅជុំវិញពិភពលោក ដោយក្នុងនោះសមាគមមានស្ថាប័នជាសមាជិកជាច្រើននៅតាមបណ្ដាប្រទេសមួយចំនួន ដូចជាកូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា អាមេរិកជាដើម។

លោក Lee បានសុំការអនុញ្ញាតពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានគម្រោងវិនិយោគខាងលើនេះ ដោយលោកបានសន្យាថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនក្នុងតំបន់នឹងទទួលបានសេវាកម្មកែសម្ផស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ តាមរយៈអប់រំការបណ្ដុះបណ្ដាលដល់អ្នកផ្ដល់សេវាកែសម្ផស្ស ពីសំណាក់អ្នកជំនាញកូរ៉េ និងអ្នកជំនាញមកពីបណ្ដាស្ថាប័នដៃគូ។

ជាការឆ្លើយតប លោក អ៉ិត សំហេង បានបង្ហាញការស្វាគមន៍ និងគាំទ្រគម្រោងនៃការបង្កើតមជ្ឈមណ្ឌលនេះយ៉ាងពេញទំហឹង ពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានធានានូវការផ្ដល់អាជ្ញាបណ្ណមួយជូនមជ្ឈមណ្ឌល ដើម្បីប្រតិបត្តិការការងារដោយស្របច្បាប់។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា នឹងទទួលបាននូវការចាប់អារម្មណ៍ ព្រមទាំងឆ្លើយតបនឹងទីផ្សារសេវាកម្មកែសម្ផស្សនាពេលបច្ចុប្បន្ន ពីព្រោះសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋក៏នៅតែមាន ដូច្នេះការស្វែងរកសេវាកម្មកែសម្ផស្សក៏ចេះតែមានតម្រូវការជាលំដាប់ផងដែរ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន កម្ពុជា និងកូរ៉េខាងត្បូងខាង នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន៕