(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានលើកទឹកចិត្តឲ្យបណ្ដាក្លឹបកម្សាន្ដ ខារ៉ាអូខេ និងកន្លែងសប្បាយភាពផ្សេងៗ បង្កើនការប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជំនួសការប្រើប្រាស់កម្លាំងសមត្ថកិច្ចដែលខុសពីការកំណត់ដោយច្បាប់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៧ ដោយមានការចូលរួមពីសិក្ខាកាម ជាភ្នាក់ងារសន្ដិសុខឯកជន ប្រមាណ២០០នាក់ បានថ្លែងយ៉ាងដូច្នេះថា «តាងនាម នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមអំពាវនាវដល់បណ្ដាគ្រឹះស្ថាន សប្បាយភាពទាំងអស់ ជាពិសេសក្លឹបកម្សាន្ដ ខារ៉ាអូខេ និងកាស៊ីណូ មិនត្រូវប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឡើយ ត្រូវជ្រើសយកភា្នក់ងារសន្ដិសុខឯកជន មកការពារកន្លែងរបស់ខ្លួន ដោយភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មានការបំពាក់បំប៉នជំនាញ សមត្ថភាព វិជ្ជាជីវៈ និងច្បាប់ត្រឹមត្រូវ»។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ តែងតែយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងគាំពារធ្វើយ៉ាងណាឲ្យវិស័យសន្ដិសុខឯកជននេះ មានការរីកច្រើន និងប្រកបដោយស្ថេរភាព។
ប្រធាននាយកដ្ឋានរូបនេះ ក៏បានលើកឡើងទៀតថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រោះភ្នាក់ងារសន្តិសុខ ជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាតមិនអនុញ្ញាត ឲ្យមានការយកកងកម្លាំងសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ទៅការពារនៅកន្លែងកម្សាន្ដ ពិសេសក្លឹប ខារ៉ាអូខេ និងកាស៊ីណូជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែង ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងសមត្ថកិច្ចរបស់យើង ជាមន្ដ្រីរាជការទាំងស៊ីវិល ទាំងកងទ័ព ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ ចឹងអ្នកគ្រប់គ្រងសុំឲ្យមើល កុំចាត់តាំងកម្លាំងរបស់ខ្លួនទៅយាមខារ៉ាអូខេ»។
សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តឲ្យតាមបណ្ដាក្លឹបកម្សាន្ដ ខារ៉ាអូខេ ឬកន្លែងសប្បាយភាពទាំងអស់ គួរតែប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជនឲ្យបានច្រើន ខណៈដែលបច្ចុប្បន្នភា្នក់ងារសន្ដិសុខឯកជន ក៏ទទួលបានការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើសេវានៅក្នុងប្រទេសកម្ពុជា សម្ដៅលើកកម្ពស់វិស័យមួយនេះឲ្យកាន់តែមានប្រសិទ្ធភាព៕