(សៀមរាប)៖ នៅចុងសប្តាហ៍នារសៀលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មការចម្រុះខេត្តដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យមើលស្ថានភាព ការស្ដារស្ទឹង របស់ក្រុមហ៊ុន «រាជសី» ដែលបានធ្វើការស្តារកកាយស្ទឹងខុសបច្ចេកទេស និងគម្រោងរបស់សាធារណរដ្ឋកូរ៉េ។ តាមពិតទៅគម្រោងនេះ នឹងត្រូវចាប់ដំណើរការបើកការដ្ឋានស្តារ នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ឯណោះទេ។
ការចុះពិនិត្យនោះ មានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ផងដែរ។
លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា យោងតាមកាអង្កេត តាមដាន នៃសកម្មភាពស្តារស្ទឹងសៀមរាប ក្នុងជំហានពីររបស់ក្រុមហ៊ុននេះឃើញថា មានសកម្មភាពមិនប្រក្រតី ដែលធ្វើទៅខុសបច្ចេកទេស ពីគម្រោងរបស់កូរ៉េ ដោយក្រុមហ៊ុន បានជីកកាយយកដីពីមាត់ស្ទឹងយកទៅដាក់ទីកន្លែងផ្សេងពីមាត់ស្ទឹង ឬថា យកទៅលក់ឲ្យដីឡូតិ៍មួយកន្លែងដើមី្បធ្វើផ្ទះល្វែង។ បញ្ហាទាំងនេះហើយ ទើបសាលាសង្កាត់ ធ្វើសេចក្តីរាយការណ៍ទៅសាលាក្រុង ដើមី្បមានវិធានការក្នុងការទប់ស្កាត់សកម្មភាពនេះ។
តាមការបញ្ជាក់របស់មន្ត្រីសាលាក្រុងម្នាក់ សុំមិនបានបញ្ចេញឈ្មោះ បានឲ្យដឹងថា សកម្មភាពកាយស្តារស្ទឹងនេះ ជាគម្រោងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ នៅក្នុងរដូវវស្សានេះ ដែលត្រូវធ្វើការកាយស្ទឹងសៀមរាបផ្នែកខ្លះឲ្យទឹកហូរបានលឿន ជៀសវាងមានការស្ទះទឹក ដែលអាចបណ្តាលឲ្យលិចក្រុងសៀមរាប។ តែក្រុមហ៊ុន ក៏មិនបានទទួលគម្រោង ប្លង់ ក្នុងការស្តារស្ទឹងនេះឡើយ។
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងដែរថា គម្រោងស្តារស្ទឹងសៀមរាប ជំហានពីរនេះ គឺមានប្រវែង ៤គីឡូម៉ែត្រ គិតចាប់ពីស្ពានក្រវ៉ាត់ក្រុង ឬស្ពានវត្តគង់ម៉ុច រហូតទៅដល់តំបន់ចុងស្រុក។ គម្រោងនេះមានការស្តារសម្អាតច្រាំងស្ទឹង សាងសង់ស្ពានឆ្លងស្ទឹងធំៗចំនួន ៣កន្លែង ស្ថាបនាផ្លូវនៅផ្នែកខាងកើតស្ទឹងមួយខ្សែ ស្ថាបនាទំនប់បង្ហៀនៅតំបន់ចុងស្រុក។ ហើយនៅពេលគម្រោងនេះ បានបញ្ចប់ និងផ្តល់សារៈប្រយោជន៍ជាច្រើនដល់ប្រជាជន។
លោកក៏បានបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងរដូវវស្សានេះ ខេត្តបានកំពុងធ្វើការកាយស្ទឹងសៀមរាបផ្នែកខ្លះ ដើម្បីឲ្យទឹកហូរបានលឿន ជៀសវាងមានការស្ទះទឹកហូរ ដែលអាចបណ្តាលឲ្យលិចក្រុងសៀមរាប។ ក៏ប៉ុន្តែក្រុមហ៊ុន «រាជសី» នេះ បានធ្វើការស្តារខុសទៅនឹងគម្រោងរបស់ ចាយកា ដែលនឹងត្រូវចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ (មិនមែនពេលនេះទេ)។ ហើយបើតាមបច្ចេកទេស ត្រូវចាក់ដីបំពេញតាមមាត់ច្រាំងស្ទឹងឡើងវិញ ដើមី្បកុំឲ្យមានការប៉ះពាល់បាក់ដីដល់ផ្លូវថ្នល់»។
លោក ទៀ សីហា ក៏បានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ឬ នៅដើមឆ្នាំ២០២០ តែចំពោះគម្រោងដែលក្រុមហ៊ុន រាជសី បានកំពុងអនុវត្តនេះ ខេត្តពុំបានដឹងឡើយ។ ម៉្យាងទៀត ការជីកកកាយដីតាមមាត់ស្ទឹងរបស់ក្រុមហ៊ុននេះ តាមការពិនិត្យឃើញថា ពុំមានឯកសារគម្រោងប្លង់ក្នុងការស្តារស្ទឹងនោះទេ។
ក្នុងនោះលោក ក៏បានសួរនាំខាងក្រុមហ៊ុន តើក្រុមហ៊ុនបានការយល់ពីបច្ចេកទេស ក្នុងការជីកស្តារស្ទឹងដែរឬទេ? តែសកម្មភាពដែលក្រុមហ៊ុនបានកំពុងធ្វើពេលនេះ គឺជាការជីកដីធ្វើអាជីវកម្មតែម្តង ព្រមទាំងបានបំផ្លាញដើមឈើដែលមានសារៈប្រយោជន៍ ក្នុងការទប់ស្កាត់ការហូរទឹកច្រោះដីមាត់ច្រាំងស្ទឹង និងទប់នូវចរន្តទឹកហូរនារដូវវស្សាទៀតផង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ចំពោះក្រុមហ៊ុន រាជសី ត្រូវធ្វើការចាក់ដីរៀបចំតាមមាត់ច្រាំងស្ទឹងឡើងវិញឲ្យបានត្រូវទៅនឹងគម្រោងរបស់ ចាយកា ដែលបានគ្រោងរួចរាល់ហើយនោះ។
ក្នុងនោះលោក ក៏បានដាក់នូវវិធានការមួយចំនួនសម្រាប់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នា ក្នុងការអនុវត្តគម្រោងនេះ ព្រមទាំងត្រូវធ្វើការរក្សាទុកនូវគ្រឿងចក្ររបស់ក្រុមហ៊ុននេះ ដើមី្បធ្វើការដោះស្រាយបន្ត និងរកឲ្យឃើញពីប្រភពដែលនាំឲ្យមានការដាក់គ្រឿងចក្រទាំងនេះ មកធ្វើកិច្ចការនេះ ដោយអាជ្ញាធរខេត្តពុំទាន់បានបើកការដ្ឋានធ្វើបែបនេះហាក់បីដូចជា មាក់ងាយដល់អាជ្ញាធរខេត្តទៀតផង។
ក្នុងនោះដែរលោក ក៏បានសម្តែងការសោកស្តាចចំពោះ ដើមឈើទាំងឡាយ ដែលគេបានជីកគាល់បំផ្លាញឲ្យធ្លាក់ចូលទៅក្នុងទឹកស្ទឹង ហាក់គ្មានស្តាយសម្បត្តិធម្មជាតិអ្វីណាបន្តិចសោះឡើយ។
បើតាមប្រសាសន៍ប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅដ្ឋាន នៅតាមដងស្ទឹងនោះ បានពោលឡើងថា បើជីកដីស្ទឹងយកមកធ្វើផ្លូវតាមមាត់ស្ទឹងនោះ វាមិនអីទេ តែនេះជីកដីមាត់ស្ទឹងយកទៅលក់ ឲ្យឈ្មួយចពុះដីឡូតិ៍លក់។ ពួកគាត់ក៏បានស្នើរសុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវតែចាក់វិធានការឲ្យបានម៉ឹងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះក្រុមហ៊ុន រាជសី នេះ ដែលហ៊ានល្មើសច្បាប់ និងបំផ្លាញបរិស្ថានដើមឈើ ដែលបានដុះតាមមាត់ស្ទឹងនេះ៕