(ភ្នំពេញ)៖ ទោះបីជាចាប់ដាក់ពន្ធនាគារចំនួន ៣លើករួចទៅហើយក្តី តែជនសង្ស័យនៅមិនទាន់រាងចាលនោះទេ ពេលនេះសមត្ថកិច្ចបានចាប់ខ្លួនជនដដែល បញ្ជូនមកតុលាការជាថ្មី ទាក់ទងទៅនឹងករណីដដែលគឺជួញដូរគ្រឿងញៀន។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យ ៤នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ មានជនសង្ស័យម្នាក់ ឈ្មោះ សេង តុលា ហៅ ខៀម តុលា ភេទប្រុស គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ ដែលធ្លាប់ត្រូវបានចាប់ ៣លើករួចទៅហើយ ប៉ុន្តែមិនដែលជាប់គុកបានយូរទេ ពោលគឺជាប់បានតែមួយភ្លែតៗ ក៏បានចេញមករកស៊ីដូចដើមវិញផងដែរ។ ប្រភពដដែលនិយាយថា ករណីនេះ ឃើញមានអ្នករត់ការខ្វាត់ខ្វែងតាំងពីដំណាក់កាលឃាត់ខ្លួន នៅកន្លែងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបានធានាក្រុមនេះឲ្យរួចផុតពីសំណាញ់ច្បាប់។
សមត្ថកិច្ចសង្ឃឹមថា លើកនេះ តុលាការនឹងពិចារណា លើការដាក់ទោសទណ្ឌលើជនសង្ស័យម្នាក់នេះ ឲ្យស័ក្តិសមនឹងភាពមិនរាងចាលរបស់ខ្លួន ព្រោះនគរបាល ចាប់ជនល្មើសៗមុខដដែលៗញឹកញាប់ពេក។
គួរបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង តុលា ហៅ ខៀម តុលា និងបក្ខពួក ៣នាក់ (ស្រីម្នាក់) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលមួយក្នុងកន្លែងម្តុំក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងទឹកដីខណ្ឌមានជ័យ។
ពាក់ព័ន្ធករណីគ្រឿងញៀននេះ កាលពីពេលថ្មីៗកន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ សហការគ្នា ដើម្បីលុបបំបាត់ឲ្យបាននូវបទល្មើសជួញដូរគ្រឿងញៀន ដែលបានបំផ្លាញអនាគតយុវជនខ្មែរជាច្រើននាក់៕