(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ថ្នាក់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី និងផ្ទេរការគ្រប់គ្រងសាលាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។
សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ។
នៅឆ្នាំ១៩៩៣ អង្គការគ្រួសារថ្មីបានផ្តួចផ្តើមឱ្យមានដំណើរការអប់រំ សម្រាប់កុមារពិការភ្នែកដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានលោកស្រី នាង ផល្លា ជាគណៈគ្រប់គ្រងនៅសាលារៀនកុមារ គថ្លង់ ច្បារអំពៅ។
លុះក្រោយមកដោយសារចំនួនសិស្សពិការមានចំនួនច្រើននៅតាមខេត្ត និងមានតម្រូវការចាំបាច់សម្រាប់អប់រំកុមារពិការភ្នែកនិងកុមារគ ថ្លង់នោះ អង្គការគ្រួសារថ្មី បានបើកសាលារៀនជាបន្តបន្ទាប់ ដូចជាសាលាសម្រាប់កុមារពិការភ្នែក និង គ ថ្លង់ ខេត្តបាត់ដំបង នៅឆ្នាំ១៩៩៦, សាលារៀនកុមារ គ ថ្លង់ ច្បារអំពៅ នៅឆ្នាំ១៩៩៧, សាលាសម្រាប់កុមារ គ ថ្លង់ និងពិការភ្នែកខេត្តសៀមរាប នៅឆ្នាំ២០០១ និងសាលាសម្រាប់កុមារពិការភ្នែក និង គ ថ្លង់ ខេត្តកំពង់ចាម នៅឆ្នាំ២០០២។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ Fresh News ឱ្យដឹងថា បច្ចុប្បន្នសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីបែងចែកជាពីរផ្នែក គឺវិទ្យាល័យអប់រំពិសេស និងវិទ្យាស្ថានជាតិអប់រំពិសេស។ សាលាទាំង៥ទីតាំង មានគណៈគ្រប់គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៨៩០នាក់។ ក្នុងនោះសិស្សមានចំនួន ៧០២នាក់ ស្រី ២៨៦នាក់, សិស្សពិការភ្នែក ១៦២នាក់ ស្រី ៦១ នាក់ និងសិស្សគ ថ្លង់ សរុប ៥៤០នាក់ ស្រី ២២៥នាក់។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគ ថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើនដល់អង្គការគ្រួសារថ្មី សម្រាប់ដំណើរការកម្មវិធីជារៀងរហូតមក។
ក្នុងនោះជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានអញ្ជើញដោយផ្ទាល់ ឬចាត់អ្នកតំណាងចុះជួបសំណេះសំណាល និងរៀបចំអាហារជូនដល់កុមារពិការភ្នែក និងកុមារគ ថ្លង់នៅក្នុងសាលាទាំងនេះផងដែរ៕