(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោយប្រកាសចូលកាន់តំណែងមួយថ្ងៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះពិនិត្យឆ្នេរឯករាជ្យ និងជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ ដែលមកកម្សាន្ដប្រកបដោយភាពស្និតស្នាល និងកក់ក្ដៅ។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាន ពិភាក្សាថា នឹងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នកសំអាតសួនឆ្នេរជាប្រចាំ ធានាភាពស្រស់ស្អាតរបស់ឆ្នេរ ពិសេសការចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថានឆ្នេរកាន់តែមានសោភណ្ឌ័ភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដ។
គួរជម្រាបថា លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើននាក់ លោក គួច ចំរើន បានថ្លែងប្តេជ្ញាក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ជូនប្រជាជនក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើរតបតាមការ ចង់បាន និងកំពុងសម្លឹងមើលពីគ្រប់មជ្ឈដ្ឋានលើទឹកដីខេត្តទេសចរណ៍ដ៏ស្មុគស្មាញមួយនេះ។
លោក គួច ចំរើន បានសំណូមពរដល់ក្រុមការងារចុះជួយខេត្តថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ទូទាំងខេត្តព្រះសីហនុ សូមជួយ សហការ និងគាំទ្រដល់រូបខ្ញុំ ដើម្បីឱ្យការបំពេញ ភារកិច្ចដោយរលូន និងទទួលបានជោគជ័យ សម្រាប់ជាកត្តិយស និងស្នាដៃដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចដើម្បីសេចក្តីសុខ សេចក្ដីចំរើន ការអភិវឌ្ឍន៍ របស់ប្រជាជនយើងទូទាំងខេត្ត ៕