(សៀមរាប)៖ កងបង្វិល/កន្ត្រកវិលដ៏ធំជាងគេ និងមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលនាំចូលពីប្រទេសជប៉ុន សម្រាប់ទីផ្សារទី៣ នៅអាស៊ីអាគ្នេយ៍ បានរៀបចំបើកការដ្ឋានដំឡើង សាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅលើទីតាំង BOXVILLE ខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប។ គម្រោងដំឡើងសាងសង់កន្ត្រកវិលនេះ នឹងបញ្ចប់ និងបើកដាក់ឲ្យប្រើប្រាស់ នៅកំឡុងខែធ្នូ ឆ្នាំ២០១៩នេះ។
សម្រាប់ការវិនិយោគនេះ គឺទឹកប្រាក់ប្រមាណជាង ៧លានដុល្លារអាមេរិក ក្រោមការទទួលឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្រុមហ៊ុន Angkor Eye Co.,Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យមានកិច្ចសហការ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុន (CQ Amenic Co.) ផងដែរ។ នេះបើតាមបញ្ជាក់របស់ លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eye Co.,Ltd.។
លោកបានឲ្យដឹងថា កងបង្វិល/កន្ត្រកវិលនេះ មានកម្ពស់៨៥ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន៤៨កន្ត្រក។ នៅក្នុងកន្ត្រកសណ្តោងទាំងនោះ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ អាចផ្ទុកភ្ញៀវទេសចរ ឲ្យជិះបានសរុប១៩២នាក់ ។ ហើយការធ្វើដំណើរលើកន្ត្រកវិលមួយជុំ មានរយៈពេល១៨នាទី និងអាចមើលឃើញទេសភាពជុំវិញក្រុងសៀមរាប តំបន់បឹងទន្លេសាប និងទេសភាពរមណីយដ្ឋានអង្គរ ពីលើអាកាសផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងពិធីនោះថា នៅពេលដែលគម្រោងសាងសង់នេះត្រូវបានបញ្ចប់ កន្ត្រកវិល Angkor Eye នឹងក្លាយជានិមិត្តរូបមួយ ក្នុងខេត្តសៀមរាប និងជាកន្លែងដ៏ទាក់ទាញ បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទស្សនាក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្តពីលើអាកាស។
លោកថា គម្រោងនេះ គឺជាបទពិសោធន៍ដ៏ល្អមួយ នៃការវិនិយោគ និងសហការធ្វើអាជីវកម្ម របស់ជប៉ុននៅកម្ពុជា។ ហើយលោក ក៏សុំឲ្យមានការបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ពាក់ព័ន្ធទៅនឹងអាជីវកម្មកំសាន្តនៅកម្ពុជា ដែលវិស័យទេសចរណ៍ មិនមែនគ្រាន់តែជាការធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺជាឧស្សហកម្មគ្មានផ្សែងដ៏សំខាន់មួយ។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Angkor Eye Co.,Ltd. បានឲ្យដឹងថា គ្រោងសំណង់ កន្ត្រកវិលដ៏ធំនេះ មានទម្ងន់សរុបប្រមាណជា៧០០តោន ក្នុងនេះដុំអក្សវិល នៅចំកណ្តាលមានទម្ងន់៦១តោន ។ ហើយក្រុមវិស្វករជប៉ុន កំពុងដំឡើងតាមស្តង់ដារបច្ចេកទេស និងដើម្បីធានាសុវត្ថិភាពខ្ពស់ ។
លោកបានបន្ដថា កន្រ្តកវិលនេះ មានលក្ខណៈពិសេសប្លែក ដែលត្រូវបានផលិត និងបង្កើតឡើង ជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំង១៤០ ក្នុងប្រទេសជប៉ុន។ កន្ត្រកវិលនេះ ត្រូវបានផលិតឡើង ដោយធន់ជាមួយនឹងគ្រប់លក្ខខណ្ឌធម្មជាតិ ដូចជា កម្លាំងខ្យល់ ភ្លៀងខ្លាំង និងស្ថានភាពដ៏លំបាក ពាក់ព័ន្ធទៅនឹងតំបន់ប្រឈមការរញ្ជួយផែនដីជាដើម៕