(ភ្នំពេញ)៖ ក្រោយទទួលបានដំណឹងថា មានយុវជនម្នាក់ ឈ្មោះ កាក់ គា ដែលរួចជីវិតចុងក្រោយគេ ពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ថា ចង់សិក្សាជំនាញជាជាងជួសជុលមួយនោះ, នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមកប្រកាសផ្តល់អាហារូបករណ៍សិក្សា ដោយឥតគិតថ្លៃដល់យុវជនរូបនោះ និងជនរងគ្រោះផ្សេងៗទៀត ដែលមានបំណងចង់សិក្សាជំនាញបច្ចេកទេស។
លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះថា «បន្ទាប់ពីទទួលបានដំណឹងថា យុវជន កាក់ គា អាយុ១៨ឆ្នាំ ជាជនរងគ្រោះដែល នៅរស់រានមានជីវិតក្រោយពីជាប់ក្នុងគំនរថ្មជាង២ថ្ងៃកន្លះ ក្នុងការដួលរលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ ដោយកន្លងមកគាត់ចង់រៀនជំនាញជាជាងជួសជុល ក្រោយចេញពីមន្ទីរពេទ្យ ទើបថ្នាក់ដឹកនាំក្រសួងការ បានសម្រេចផ្តល់អាហារូបករណ៍ សិក្សាជំនាញបច្ចេកទេសជូនរូបគាត់ និងជនរងគ្រោះផ្សេងៗផងដែរ»។
លោក សាម៉ុន បញ្ជាក់ទៀតថា ក្រៅពីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈមានផ្តល់អាហារូបករណ៍សម្រាប់ការសិក្សារហូតដល់ចប់ហើយនោះ ក្រោយពេលបញ្ចប់ការសិក្សា ក្រសួងនឹងជួយរកការងារឱ្យធ្វើ ឬជួយប្រឹក្សាយោបល់ក្នុងការបង្កើតមុខរបរជូនយុវជន កាក់ គា ផងដែរ។
លោកបន្តថា ជំនាញជួសជុលដែលក្រសួងមានបណ្តុះបណ្តាលរួមមាន៖ រថយន្ត/ម៉ាស៊ីនធុនតូច ម៉ាស៊ីនត្រជាក់/ទូរទឹកកក គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក ក្រឡឹង/ផ្សារដែក កាត់វ៉ែនតាអ៊ុបទិក និងមានជំនាញផ្សេងៗទៀតជាច្រើន។ ប្រសិនយុវជន កាក់ គា និងជនរងគ្រោះផ្សេងៗទៀត ចាប់អារម្មណ៍ទាក់ទងតាមលេខទូរស័ព្ទ៖ ០១៧ ៧៤៧ ៧៧៣ និង ០១០ ៧៤៧ ៧៧៣។
ជាមួយគ្នានេះ អគ្គនាយករងរូបនេះ ក៏បានអំពាវនាវដល់យុវជនផ្សេងៗទៀត ដែលចង់សិក្សាជំនាញបច្ចេកទេសក៏អាចទាក់ទងមកក្រសួងការងារ ឬគ្រឹះស្ថានបណ្តុះបណ្តាលទូទាំងរាជធានី-ខេត្ត រង់ចាំទទួលយុវជន ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ។
សូមជម្រាបថា ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការទាញយកប្រយោជន៍ ពីកាលានុវត្តភាពនៅក្នុងតំបន់ ចាប់យកបច្ចេកវិទ្យាថ្មីៗ និងចាប់យកឱកាសក៏ដូចជាជម្នះរាល់ផលអវិជ្ជមាននៃបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានកំណត់ថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវអាណាព្យបាល និងមាតាបិតា បន្តលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះកូនចៅ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់ អាចចាប់យកឱកាសការងារល្អ ដែលកំពុងរីកចម្រើននិងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ៕