(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា បច្ចុប្បន្នកីឡាវាយកូនគោលកម្ពុជា បាននឹងកំពុងវិវត្តខ្លួន គួរឲ្យកត់សម្គាល់ ក្នុងគោលដៅរៀបចំកសាងសមត្ថភាពខ្លួន និងគុណផលកីឡាឲ្យកាន់តែល្អរឹងមាំ។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចពិជ័យសេនា អញ្ជើញចូលរួម ក្នុងពិធីប្រកួតកីឡាវាយកូនគោលមិត្តភាព អបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសកម្ពុជា-ឥណ្ឌូនេស៊ី ដែលរៀបចំធ្វើឡើងនៅតារាងវាយកូនគោល ហ្គេនភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នកីឡាវាយកូនគោលកម្ពុជា បាននឹងកំពុងវិវត្តខ្លួន គួរឲ្យកត់សម្គាល់ ក្នុងគោលដៅរៀបចំកសាងសមត្ថភាពខ្លួន និងគុណផលកីឡា ឲ្យកាន់តែល្អរឹងមាំ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ»។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងផងដែរថា នៅឆ្នាំ២០១៩នេះ គឺជាខួបលើកទី៦០ នៃការទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ។
សម្ដេចពិជ័យសេនា បន្ដថា នៅក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ី បានចូលរួមយ៉ាងសកម្ម ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក ពិសេសការចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈការបញ្ជូន ទ័ពមួកខៀវ មកការពារសន្តិភាព ក្នុងកំឡុងពេលរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ UNTAC កាលពីឆ្នាំ១៩៩៣ ការធ្វើជាសហប្រធាននៃកិច្ចចចារសន្តិភាពទីក្រុងប៉ារីស ការជួយហ្វឹកហាត់ និងអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានសមត្ថភាពថែមទៀត។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនោះ វិស័យការពារជាតិប្រទេស ទាំងពីរ បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទឥតឈប់ឈរលើការបណ្តុះបណ្តាល ហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាពធនធានមនុស្ស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «នាពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ ពោលគឺនៅក្នុងឆ្នាំ២០១៧ ទំហំសេដ្ឋកិច្ចកើនឡើងដល់ ៥៣៩លានដុល្លារអាមេរិក និងនៅក្នុងឆ្នាំ២០១៨ កើនឡើងដល់៥៥៨លានដុល្លារអាមេរិក»។
ទន្ទឹមគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការប្រកួតកីឡាវាយកូនគោលមិត្តភាពនាថ្ងៃនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឥណ្ឌូនេស៊ី នឹងមានការរីកចម្រើន លើគ្រប់វិស័យថែមទៀតទាំងវិស័យសេដ្ឋកិច្ច ការពារជាតិ អប់រំ -ល-៕