(សៀមរាប)៖ កុមារីម្នាក់អាយុប្រហែលជាង២ឆ្នាំ បានធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ហើយត្រូវក្រពើខាំហែកស៊ី ស្លាប់យ៉ាងអាណោចអាធមបំផុត ដោយបន្សល់តែឆ្អឹងលលាក្បាលឲ្យម្តាយនិងឪពុកសោកសង្រេង។
ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះវេលាម៉ោង១០ ដល់ម៉ោង១១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប។
កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
តាមការសាកសួរឪពុកកុមារីរងគ្រោះបានប្រាប់ថា នៅវេលាម៉ោង១០ព្រឹក គាត់បានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ៕