(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ នៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដោយបញ្ជាក់ថា ដើម្បីផ្ដល់ភាពងាយស្រួល និងច្បាស់លាស់ ជូនម្ចាស់អចលនទ្រព្យ ក្នុងការបង់ពន្ធលើអចលនទ្រព្យ ខ្លួនបាន និងកំពុងចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ទៀតថា ការចុះផ្ដល់សេវានេះ មានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន ដោយធ្វើការចុះស្រង់ស្ថិតិ ថតរូបទីតាំងអចលនទ្រព្យ និងសាកសួរព័ត៌មានមួយចំនួនដូចជា អត្តសញ្ញាណម្ចាស់អចលនទ្រព្យ, អត្តសញ្ញាណអចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ទៀតថា ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ម្ចាស់អចលនទ្រព្យនឹងទទួលបានភាពងាយស្រួលក្នុងការបង់ពន្ធ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ដើម្បីបង់ពន្ធនៅតាមធនាគារជាដៃគូ ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអភិវឌ្ឍកម្មវិធី សម្រាប់ការបង់ពន្ធលើអចលនទ្រព្យតាមរយៈ E-Payment ដើម្បីកាន់តែផ្ដល់ភាពងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់។
ជាមួយគ្នានេះ ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ច ឬមិនសហការជាមួយក្រុមការងារ ដែលបានចុះផ្ដល់សេវាដល់ទីតាំង អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ខ្លួននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ណាមួយ ជាពិសេសនៅពេលម្ចាស់អចលនទ្រព្យធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
ដើម្បីបង្កភាពងាយស្រួល និងចៀសវាងការចំណាយពេលវេលា សូមម្ចាស់អចលនទ្រព្យទាំងអស់ មេត្តាត្រៀមលក្ខណៈជាមុន ដោយរៀបចំថតចម្លងនូវឯកសារពាក់ព័ន្ធមួយចំនួនជូនក្រុមការងារ ដូចខាងក្រោម៖
ក៖ ករណីអចលនទ្រព្យ ដែលបានចុះបញ្ជីពន្ធដាររួចរាល់
១៖ បង្កាន់ដៃបង់ពន្ធលើអចលនទ្រព្យ ឬ/និង
២៖ ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាត)
ខ៖ ករណីអចលនទ្រព្យ ដែលមិនទាន់បានចុះបញ្ជីពន្ធដារ
១៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
២៖ ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ៕