(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង បានបញ្ជាក់ចំពោះមុខ មហាជនរាប់សិបពាន់នាក់ ក្នុងអង្គមិទ្ទិញអបអរសាទរ ខួបលើកទី៦៨ ចាប់តាំងពីថ្ងៃ បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនជានិច្ច។
លោក ជា ចាន់តូ បានបញ្ជាក់ថា ឈរលើមូលដ្ឋាននេះហើយបានជានៅក្នុងសុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់អង្គមិទ្ទិញអបអរសាទរខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា១៩៥១-២៨មិថុនា២០១៩ កាលពីថ្ងៃទី២៨ មិថុនា២០១៩។
លោក ជា ចាន់តូ បានឲ្យដឹងទៀតថា ជាការពិតចាប់តាំងពីទទួលជ័យជំនៈ រហូតមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ រាជានិយម និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌។
តាមស្នាដៃនេះបញ្ជាក់ឲ្យឃើញថា «គណបក្សបានធ្វើជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម, ការពារឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព, ស្ថិរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាពប្រទូសរ៉ាយគ្រប់បែបយ៉ាង របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានាដែលប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
លោកបន្ថែមថា ជាមួយនឹងសេចក្ដីសុខសាន្តដែលកម្ពុជាមានសព្វថ្ងៃ បានបង្កលក្ខណគ្រប់ដល់ការអភវឌ្ឍសេដ្ឋកិច្ចជាតិ និងកំពុងបោះជាជំហានយ៉ាងស្វាហាប់ ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានអំពាវនាវដល់សមាជិក សមាជិកា គណបក្ស និងប្រជាជនកម្ពុជាទាំងបន្តចូលរួមឲ្យបានខ្លាំង ជាមួយសកម្មភាពគណបក្ស និងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីនាំសង្គមជាតិដែលជាដែនដីសុវណ្ណភូមិសម្បូររុងរឿង និងរស់នៅដោយភាពសុខសាន្ត ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយៗរងការលំបាក ដូចអតីតកាលដែលកម្ពុជាបានឆ្លងកាត់។
លោកបញ្ជាក់បន្ថែមថា ដើម្បីទទួលតាមបំណងប្រាថ្នានេះមានតែ ការកម្លាំងសាមគ្គីរបស់ប្រជាជន និងការដឹកនាំគណបក្សប្រជាជនកម្ពុជាមួយគត់ គ្មានកម្លាំងណាមកជំនួសបានឡើយ៕