(ភ្នំពេញ)៖ នៅគ្រាដែលសប្តាហ៍ក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅចូលរួមកិច្ចប្រជុំពាក់ព័ន្ធវិស័យពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ, នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្តេចពេញចិត្តក្នុងការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយមិនគិតពីការនឿយហត់ឡើយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែធូរធាឡើង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្ម ដើម្បីបើកទីផ្សារផលិតផលខ្មែរ បាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ធនឹងយុទ្ឋសាស្រ្តលើវិស័យពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជាត្រូវតែបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរ បាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។
ខ្ញុំពេញចិត្តបម្រើប្រទេសជាតិ ដោយមិនគិតពីការនឿយហត់ សូម្បី បន្តិចឡើយ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូន ក៏កាន់តែធូរធារល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន បានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា»។
សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ « ត្រួតពិនិត្យឡើងវិញ ជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ » ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាល៕