(ព្រៃវែង)៖ លោក វង សូត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅទីស្នាក់ការបក្សឃុំជាច។
ថ្លែងទៅកាន់សមាជិក-សមាជិកាប្រមាណ៣២៥នាក់ ប្រធានក្រុមការងារ បានលើកយកប្រវត្តិសង្ខេប នៃការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខ្មែរ» បន្ទាប់មកនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជនកម្ពុជា»។
លោកបានបញ្ជាក់ថា ចាប់តាំងថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិដោយឈរលើគោលការណ៍ តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ រួមសុខរួមទុក្ខ ប្រមូល ឬកៀងគរកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព សន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ជនជាតិ និងឋានៈ ដើម្បីរួបរួមគ្នា ជាកម្លាំងសាមគ្គីជាតិ យ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី កសាងប្រទេសជាតិ ឯករាជ្យ សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
លោក វង សូត បានបន្តថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានពុះពារជំនះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មដើម្បីឯករាជ្យ សេរីភាព សុខសន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ ៤០ឆ្នាំ បានកន្លងមក កម្ពុជា បានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្គ្រាមស៊ីវិលរាំរ៉ៃ ប្រទេសត្រូវបានបែកបាក់ និងបំផ្លាញស្ទើរទាំងស្រុង ទុរគត និងអសន្តិសុខស្បៀង មកជាប្រទេស មានសុខសន្តិភាព ឯករាជ្យ ជាតិ សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋធម្មនុញ្ញ និងធានាបាននូវសន្តិសុខស្បៀងពេញលេញ។
ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង នូវដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស។
លោកបានបន្តទៀតថា បច្ចុប្បន្នកម្ពុជា បានប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ មានស្ថិរភាពល្អប្រសើរ ហើយតាមរយៈកំណើននេះ ធ្វើឲ្យការបែងចែកធនធានប្រកប ដោយសមធម៌ និងតម្លាភាព។ ជំរុញលើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជន ព្រោះជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើតមុខរបរ បង្កើនចំណូលដល់គ្រួសារកសិករ។
បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់ផ្ទៃក្នុងយ៉ាងច្បាស់លាស់ មុតស្រួច និងឆន្ទៈមោះមុតតាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅដោយឈរលើស្មារតី ឯករាជ្យជាមួយគ្នា និងអភិក្រមទាំង០៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅកែលម្អការប្រកួតប្រជែង បង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចបង្កើត និងបង្កលក្ខណៈអំណោយផល ក្នុងការវិនិយោគក្នុងគោលដៅធានានូវចីរភាព និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្នទាំងពេលបច្ចប្បន្ន និងអនាគត។
លោក បានបញ្ជាក់ជូនសមាជិក ឬសមាជិកាបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តខិតខំកសាង ការពារនិងអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជន ក្នុងអាណត្តិ២០១៨-២០២៣ និងសម្រេចឲ្យបាននូវគោលដៅ អភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធ ភាព សមធម៌ និងនិរន្តរភាព។
គួរបញ្ជាក់ថា នៅក្នុងឱកាសជួបសំណេះសំណាលនាថ្ងៃនេះ នៅលើទឹកដីខេត្តព្រៃវែង ក៏ដូចជាថ្ងៃម្សិលមិញលើទឹកដីខេត្តត្បូងឃ្មុំ លោក វង សូត បានជូនថវិកាចំនួន ១០ម៉ឺ នរៀល ដល់សមាជិកបក្ស ដែលកើតឆ្នាំ១៩៥១ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងជាការអបអរសាទរដល់ឆ្នាំកំណើតរបស់ពួកគាត់ ដូចគ្នាទៅនឹង ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩)៕