(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជំនាញខាងតម្រងនោម មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃលោក Damrongpan Watanachote បានឲ្យដឹងថា អ្នកជក់បារី និងអ្នកដែលរស់នៅជាមួយអ្នកជក់បារី (អ្នកស្រូបផ្សែងបារី) ជាមុខសញ្ញាខ្លាំង ក្នុងការកើតជំងឺមហារីប្លោកនោម។
ការលើកឡើងបែបនេះ របស់លោកវេជ្ជបណ្ឌិត Damrongpan Watanachote ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពីប្រព័ន្ធទឹកនោមសារៈប្រយោជន៍នៃម៉ាស៊ីន បាញ់គ្រួសក្នុងតម្រងនោម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ស្វែងយល់អំពីជំងឺមហារីកប្រូស្ដាត និងការព្យាបាល, ស្វែងយល់ពីបញ្ហាប្រព័ន្ធទឹកនោម និងមហារីកប្លោកនោម, ស្វែងយល់ពីបញ្ហាសមត្ថភាពផ្លូវភេទបុរសចុះខ្សោយ, ការការពារកុំឲ្យមានគ្រោះក្នុងតម្រងនោម, សារៈប្រយោន៍នៃការបាញ់គ្រោះក្នុងតម្រងនោម ដោយម៉ាស៊ីន ESWL។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា ជំងឺមហារីកប្លោកនោមនេះ ច្រើនកើតមានឡើងចំពោះបុរស និងស្រ្ដីដែលជក់បារី ឬអ្នកដែលរស់នៅជាមួយអ្នកជក់បារី ព្រោះថា បារីមានជាតិពុលច្រើន ដែលធ្វើឲ្យមានបញ្ហាដល់ប្លោកនោម។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងប្រទេសថៃ និងប្រទេសកម្ពុជា ស្ថាភាពរស់នៅទាំងបរិស្ថាន និងសីតុណ្ហភាពមានភាពដូចគ្នា ដូច្នេះបញ្ហានៅក្នុងប្រទេសថៃ និងបញ្ហានៅប្រទេសកម្ពុជា មានសភាពដូចគ្នាទាក់ទិននឹងបញ្ហាជំងឺតម្រងនោមនេះ។
លោកវេជ្ជបណ្ឌិតបន្ដថា ចំពោះបុរសប្រឈមនឹងជំងឺមហារីកប្រូស្ដាត នេះជាបញ្ហាដែលបុរសគួរតែខ្វាយខ្វល់ ព្រោះអត្រានៃការកើតជំងឺនេះ មានច្រើនចំពោះបុរស។ ដោយឡែកសម្រាប់ស្រ្ដីវិញ គឺជាជំងឺរាំរៃមួយដែលពិបាក ក្នុងការគ្រប់គ្រងការបត់ជើងតូច។
លោកវេជ្ជបណ្ឌិតបន្ថែមថា ដើម្បីព្យាបាលជំងឺទាំងនេះ សូមមកព្យាបាលជាមួយ មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ ដែលជាមន្ទីរពេទ្យព្យាបាល ជាមួយឧបករណ៍ទំនើបៗ និងជាបច្ចេកទេសចុងក្រោយបង្អស់ដូចជា៖ ការបំបែកក្រួសក្នុងតម្រងនោមតាមរយៈ អេសស្ពែលមានភាពងាយស្រួល និងសុវត្ថិភាពដោយមិនចាំបាច់មានការវះកាត់ឡើយ។
លោកវេជ្ជបណ្ឌិតបន្ដថា សម្រាប់បុរសដែលសង្ស័យថា មានជំងឺមហារីប្រូស្ដាតដែលមានអាការៈដូចជា នោមញឹក, នោមអាក់ៗជាដើមនោះសូមមកកាន់មន្ទីរពេទ្យរ៉ូយ៉ាល ដោយក្រុមគ្រូពេទ្យនឹងពិនិត្យតេស្ដឈាម, ច្រឹបសាច់យកទៅពិនិត្យ ហើយប្រសិនបើមានជំងឺមហារីកដំណាក់កាលដំបូង ក្រុមគ្រូពេទ្យនឹងព្យាលបាលដោយចោះ ឬកាត់ក្រពេញក្រពេញប្រូស្ដាតចោល និងការព្យាបាលដោយប្រើប្រាស់កាំរស្មីជាដើម។
លោកវេជ្ជបណ្ឌិតបន្ថែមថា ចំពោះស្រ្ដីវិញនៅពេលដែលមានកូន២-៣ដងរួចហើយ ធ្វើឲ្យសាច់ដុំនៅអាងត្រកៀកចុះខ្សោយ ហើយនឹងបង្កឲ្យកើតជំងឺបត់ជើងតូច ដោយឯកឯង ដោយជំងឺនេះមានអាការៈដូចជា ក្អក, កណ្ដាស, ហាត់ប្រាណ ឬលោតបន្ដិចនឹងធ្វើឲ្យ ទឹកនោមចេញមកដោយខ្លួនឯង។ សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាលវិញ នឹងណែនាំគាត់ឲ្យហាត់ប្រាណ និងប្រើប្រាស់កៅអីម៉ាស្សា គឺមិនចាំបាច់វះកាត់នោះឡើយ៕