(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩)។
ពិធីនេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណអនុវិទ្យាល័យគានជ្រៃ ខេត្តកំពង់ចាម ដោយមានសមាជិក-សមាជិកា អញ្ជើញចូលរួមប្រមាណ៤៥០នាក់ អញ្ជើញមកពីឃុំរអាង គានជ្រៃ រំចេក និងហាន់ជៃ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នាឱកាសជាប្រវត្តិសាស្ត្រនេះ លោក វេង សាខុន បានលើកយកប្រវត្តិសង្ខេបនៃការចាប់ បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា មកជម្រាបជូនអង្គពិធីជាបន្តបន្ទាប់។ ចាប់តាំងថ្ងៃបដិសន្ធិ រហូតមកដល់បច្ចុប្បន្នគណបក្ស បានដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍប្រទេស ពីដំណាក់កាលមួយមកដំណាក់កាលមួយ។
លោក វេង សាខុន បានឲ្យដឹងថា ១៩៧៩-២០១៩ ៤០ឆ្នាំ កន្លងមកគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីវាលពិឃាត ពីសង្គ្រាមស៊ីវិលរាំរ៉ៃ កសាងប្រទេសចាប់ពីចំណុចសូន្យ ក្រីក្រ ខ្វះស្បៀង មកជាប្រទេស មានសុខសន្តិភាព ឯករាជ្យជាតិ សេរីភាព ប្រជាធិប តេយ្យ នីតិរដ្ឋធម្មនុញ្ញ មានអំណាច និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយពិភព លោកស្មើមុខស្មើមាត់។
លោកថា ប្រទេសជាតិទទួលបានជោគជ័យយ៉ាងធំធេង នូវដំណើរការសន្តិភាវូបនី យកម្មតាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាម ស៊ីវិល តំបន់អភិគមការបែកបាក់ រវាងខ្មែរនិងខ្មែរ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស។
លោកប្រធានក៏បានលើកយកសារសំខាន់ៗទាំង១៦ចំណុច របស់សម្តេចតេជោ មកជម្រាបជូនអង្គពិធីជ្រាប មានន័យតភ្ជាប់ទៅនឹងសុខសន្តិភាព ពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមានបានផ្តល់ឱកាស ឲ្យគណបក្សប្រជាជន ធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រជាអាទិ៍៖ សាលារៀនគ្រប់កម្រិត វត្តអារាម មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រោងចក្រ សហគ្រាស សំណង់អាគាររដ្ឋបាល វប្បធម៌ និងសេដ្ឋកិច្ចដុះស្កឹមស្កៃ ទូទាំងផ្ទៃប្រទេស ការវិនិយោគ ការរីកចម្រើន វិស័យកសិកម្ម ទេសចរណ៍ ថាមពល និងជាពិសេសកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ -ល-។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអភិវឌ្ឍ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ផ្ទៃស៊ីជម្រៅ និងអភិក្រមទាំង០៥ សំដៅកែលម្អការប្រកួតប្រជែង អភិវឌ្ឍធនធានមនុស្ស រក្សាកំណើនសេដ្ឋកិច្ច បង្កលក្ខណៈអំណោយផល ក្នុងការវិនិយោគ ក្នុងគោលដៅធានានូវចីរភាព និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមក្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
លោក វេង សាខុន ក៏បានលើកយកយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសទាំង ៧ចំណុច របស់សម្តេចតេជោ មកគូសបកស្រាយជូនសមាជិក សមាជិកាផងដែរ ដែលមានន័យជារួមដំដៅដល់ការប្តេជ្ញាចិត្តបន្តខិតខំកសាង ការពារ និងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ឆ្លើយតប តាមសេចក្តីត្រូវការរបស់ប្រជាជន បន្តអនុវត្តគោលដៅអភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព បន្តពង្រឹងនិងពង្រីកសេវា សង្គមកិច្ចសម្រាប់ជនងាយរងគ្រោះ លើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បន្តជំរុញធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិទាំងក្របខណ្ឌតំបន់ និងពិភពលោក-ល-។
លោកបានបញ្ជាក់ថា សមិទ្ធផលយ៉ាងធំធេង ដែលគណបក្សប្រជាជនសម្រេចបាន គឺមិនអាចខ្វះបានពីការចូលរួម ការគាំទ្រអស់ពីដួងចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ចាប់តាំងពីថ្ងៃបដិសន្ធិ រហូតមកទល់បច្ចុប្បន្ន។ ហេតុដូច្នេះ ក្នុងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល លោកបានស្នើសុំឲ្យបងប្អូនខិតខំអនុវត្តឲ្យបានសម្រេចនូវគោលនយោបាយអភិវឌ្ឍប្រទេសជាតិ និងជាពិសេសបន្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម លើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីផ្ទៃក្នុង និងឯកភាពជាតិ ស្រឡាញ់ និងបម្រើប្រជាជនឲ្យអស់ពីចិត្តថ្លើម (សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់)៕