(តាកែវ)៖ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃរាប់ពាន់អង្គ/នាក់ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយមួយចំនួន គឺគ្មានគុណធម៌នោះឡើយ គឺដើរស្រែកជេររាជរដ្ឋាភិបាល បន្លាចប្រជាពលរដ្ឋនៅក្រៅប្រទេស ទៅអង្វរអឺរ៉ុបឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្មែរឯង មិនឲ្យបរទេសមកវិនិយោគនៅស្រុកខ្មែរ ដុតឆ្នាំងបាយប្រជាពលរដ្ឋ អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបះបោរ បញ្ឆេះកំហឹងប្រជាពលរដ្ឋ គឺដើម្បីមហិច្ឆតានយោបាយរបស់ខ្លួន។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សាសារិទ្ធ កក្កដា ត្រពាំងខ្នារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តវេឡុវ័ន្ត ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ធ្វើអ្នកដឹកនាំប្រទេសមួយ ត្រូវមានគុណធម៌។ គុណធម៌របស់អ្នកដឹកនាំ គឺជះឥទ្ធិពល និងថែរក្សាលទ្ធផលនៃការដឹកនាំ។ លោកថា អស់រយៈពេល៤០ឆ្នាំ ប្រជាពលរដ្ឋនៅតែគាំទ្រការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ព្រោះការដឹកនាំរបស់សម្តេចតេជោ គឺប្រកបដោយធម៌ ដោយគុណធម៌ ធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខសប្បាយរីករាយ មិនប្រកាន់បក្សណាថា បក្សណា។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកន្លងមក គឺពិតជាត្រឹមត្រូវណាស់។ សូមប្រជាពលរដ្ឋបន្តជឿទុកចិត្ត និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសតទៅទៀត ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពិតជាលឿន មិនអាចឃាត់ពេលវេលាបកក្រោយបានឡើយ ហើយក៏មិនអាចចាំយើងបាននោះទេ សិស្សានុសិស្ស ចាប់ផ្តើមរៀនសូត្របណ្តុះបណ្តាលបានច្រើន គឺមិនអាចមើលរំលង គុណធម៌ សិសធម៌បានឡើយ ព្រោះក្នុងការរស់នៅ ពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់ តាមរយៈការអប់រំរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ឲ្យមានគុណធម៌ល្អ មិនឲ្យធ្វើបាបអ្នកដទៃ ឈ្លានពានគេ ព្រោះថា គ្រប់សាសនាទាំងអស់ សុទ្ធតែបានប្រៀនប្រដៅឲ្យចេះរស់រៀនមានជីវិត ជាមួយអ្នកជិតខាងផងទាំងពួង ដើម្បីបានសេចក្តីសុខ ព្រោះថាបើមានចំណេះដឹងតែខ្វះគុណធម៌ គឺពិបាកណាស់។ ជាក់ស្ដែងនៅសម័យ ប៉ុល ពត បានវាយកំទេចវត្តអារាម និងបំផ្លាញវិស័យសាសនា មិនឲ្យជឿលើបុណ្យបាប។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ទីអារាមនេះ បានចាប់ផ្តើមកកើតតាំងពីបាតដៃទទេ យើងរួមគ្នាក្រោមដំបូលផ្ទះតែមួយ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជារួមគ្នា ដៃម្ខាងទប់ស្កាត់កុំឲ្យរបប ប៉ុល ពត ចូលមកម្តងទៀត ផ្តុំគ្នាដើម្បីជួយគ្នា និងបង្កបង្កើនផល ក្រោយមកយើងមានលទ្ធភាពកសាងបានសមិទ្ធផលច្រើន គ្រប់ទីកន្លែង ក្នុងស្រុក ឃុំ ភូមិ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បច្ចុប្បន្នប្រជាពលរដ្ឋមានលទ្ធភាព និងជីវភាពធូរធារចូលរួម នៅក្នុងការកសាង សប្បុរសជនក្នុង មានសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស បានខិតខំចូលរួមកសាង សមិទ្ធផលនានាទូទាំងប្រទេស។ សួរថាមានការបញ្ចប់ទេ នៅក្នុងការកសាងត្រឹមថ្ងៃនេះឬ? គឺថាគ្មានថ្ងៃបញ្ចប់ទេ មានតែបន្តអភិវឌ្ឍកសាង ហើយយើងមានមោទនភាពណាស់ ដែលយើងមានថ្ងៃនេះ ព្រោះវាមិនមែនជប់បានទេ សុទ្ធសឹងតែជាការចេញ ពីទឹកចិត្តសប្បុរសជន និងប្រជាជនខ្មែរយើងជួយគ្នា»។
លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទៅមុខទៀតរាជរដ្ឋាភិបាល នឹងខិតខំថែរក្សាសុខសន្តិភាពឲ្យប្រជាពលរដ្ឋ មានសេចក្តីសុខសម្បូរសប្បាយ និងអភិវឌ្ឍឲ្យរីកចម្រើនជាងនេះទៀត និងសូមអរគុណសប្បុរសជនជិតឆ្ងាយ ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិ ដែលបានចូលរួមកសាងសមិទ្ធផល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនចង់បាន គឺធ្វើឲ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ យើងលែងច្បាំងគ្នា យើងចូលរួមកសាងសមិទ្ធផល៕