(ភ្នំពេញ)៖ ថ្ងៃអសទិត្យ​ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី២ហើយនៃការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» លើកទី៤៣ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានមរតកតេជោ ស្ថិតនៅមហាវិថីឈ្នះឈ្នះ ទល់មុខវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» លើកទី៤៣ ឆ្នាំ២០១៩ មានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៤០៦រូប មកពី ១០ប្រទេសនៅអាស៊ីអាគ្នេយ៍។ ក្នុងនោះកីឡាករកម្ពុជាមានចំនួន ២០រូប និងបរទេសមានចំនួន ៣៨៦រូប។

ការប្រកួតកីឡាហែលទឹកនេះ ជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិលើកដំបូងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ១៩៦៦។ ឆ្នាំ១៩៦៦ កម្ពុជាធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះកីឡា Games Ganefo អាស៊ីលើកទី១។

សហព័ន្ធកីឡាហែលទឹកកម្ពុជាដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន បានចាត់ទុកការរៀបចំការប្រកួតកីឡាហែលទឹកនាពេលនេះ បង្ហាញពីការពង្រឹងទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព និង ការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានា។

សហព័ន្ធកីឡាហែលទឹកកម្ពុជា បានអំពាវនាវដល់សាធារណជនចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេងរបស់កម្ពុជា។ ការប្រកួតនេះនឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា នេះហើយ៕