(ភ្នំពេញ)៖ លោក សេង បូណា ដែលជាស្ថាបនិក និងជាអគ្គនាយកនៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានលើកឡើងថា បើចង់បានប្រាក់ខែច្រើន និងជោគជ័យក្នុងជីវិត យុវជនត្រូវមានចំណេះដឹងពិតប្រាកដ ជំនាញច្បាស់លាស់ ភាពស្មោះត្រង់ និងការអត់ធ្មត់ខ្ពស់ ដោយធ្វើការងារចេញពីបេះដូង ប្រកបដោយក្រមសីលធម៌។
ការលើកឡើងបែបនេះ របស់លោក សេង បូណា បានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលោកបានដឹកនាំគណៈគ្រប់គ្រង និងសិស្សានុសិស្សចំនួន៩នាក់ ដើម្បីទៅចូលរួមការផ្លាស់ប្តូរការសិក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នា នៅចក្រភពអង់គ្លេស រយៈពេលពីរសប្តាហ៍។
ស្ថាបនិកសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជារូបនេះ បានបញ្ជាក់ថា គោលដៅដ៏ចម្បងបំផុតរបស់សាលា គឺធ្វើយ៉ាងណាជំរុញឱ្យសិស្សានុសិស្សទាំងអស់ ដែលបានទៅសិក្សានៅក្រៅប្រទេស ទទួលបាននូវចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីត្រឡប់មកប្រទេសវិញ ជួយអភិវឌ្ឍសហគមន៍ ព្រមទាំងជួយកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន តាមរយៈចំណេះដែលទទួលបានពីបណ្តាប្រទេស ដែលមានការអភិវឌ្ឍជឿនលឿន។
ជាក់ស្តែងសាលាតែងតែបញ្ជូនសិស្សានុសិស្ស ទៅចូលរួមការផ្លាស់ប្តូរការសិក្សា នៅតាមប្រទេសមានការអប់រំ និងសេដ្ឋកិច្ចជឿនលឿន ដើម្បីធ្វើយ៉ាងឱ្យពួកគេ ទទួលបាននៅចំណេះដឹងថ្មីៗបន្ថែមទៀត ព្រមទាំងកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការក្រេបយកចំណេះដឹងខាងក្រៅ មកបំពេញចំណេះដឹងនៅខាងក្នុង ដែលផ្នែកមួយជួយអភិវឌ្ឍប្រជាជាតិ ឱ្យមានការរីកចម្រើនទៅមុខជានិរន្តរ។
ជាមួយគ្នានេះដែរ លោកបានថ្លែងថា តាមគោលការណ៍នៃប្រព័ន្ធគ្រប់គ្រងក្នុងការអប់រំបែបអន្តរជាតិ ថ្នាក់ដឹកនាំរបស់សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា តែងតែគិតគូរជាចម្បងទៅលើសីលធម៌ គុណធម៌ និងជាពិសេសនោះ គឺគុណភាពនៃវិស័យអប់រំ។ ដោយផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ បានបង្កើតឡើងនូវកម្មវិធីសិក្សាជាច្រើនដែលមានលក្ខណៈដូច ជាទី១៖ កម្មវិធីសិក្សាតាមកម្រិតជាតិ និងទី២៖ កម្មវិធីសិក្សាតាមកម្រិតអន្តរជាតិ។
ផ្នែកនីមួយៗដែលត្រូវបែងចែក ដើម្បីបណ្តុះបណ្តាលដល់សិស្សានុសិស្សតូចៗរួមមាន៖
ទី១៖ កម្មវិធីសិក្សាតាមកម្រិតជាតិ៖ សិក្សាជាភាសាខ្មែរ ដោយអនុវត្តតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ សិស្សានុសិស្សរបស់យើងនឹងបានសិក្សាជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍យូរឆ្នាំ និងមានគរុកោសល្យត្រឹមត្រូវ ដែលអាចធ្វើឱ្យសិស្សានុសិស្សងាយយល់ ក្នុងកម្មវិធីសិក្សាភាសាជាតិ។
ទី២៖ កម្មវិធីសិក្សាតាមកម្រិតអន្តរជាតិ៖ សិក្សាជាភាសាអង់គ្លេស ជាមួយគ្រូជនជាតិដើម ដែលមានបទពិសោធន៍យូរឆ្នាំ និងមានគរុកោសល្យ ក្នុងការបង្រៀនត្រឹមត្រូវ។ លើសពីនេះទៅទៀតកម្មវិធីសិក្សាលក្ខណៈអន្តរជាតិនេះ គឺស្របគ្នាជាមួយនិងកម្មវិធីសិក្សារបស់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ញូវហ្សេឡែន អូស្រ្ដាលី និងប្រទេសសិង្ហបុរី ដោយមានកិច្ចព្រមព្រៀង នៃអនុស្សរណៈយោគយល់ជាមួយគ្នា លើការផ្លាស់ប្តូរកម្មវិធីសិក្សារបស់សិស្សានុសិស្សរបស់យើង។ ម្យ៉ាងវិញទៀតសាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា មានចំណុចពិសេសមួយ គឺនៅពេលដែលសិស្សានុសិស្សចង់ផ្ទេរការសិក្សាចេញ ទៅប្រទេសទាំងនោះ គឺអាចផ្ទេរទៅបានដោយគ្មានបញ្ហា និងមិនខាតឆ្នាំសិក្សាទៀតផង។ លើសពីនេះទៅទៀតសាលាមានបន្ថែម នូវកម្មវិធីសិក្សាជាភាសាចិនផងដែរ។
បើតាមយុវសិស្ស វណ្ណា ពិសិដ្ឋ បានឱ្យដឹងថា តាមរយៈការធ្វើដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអង់គ្លេសនេះ គឺជាឱកាសមួយសម្រាប់ឱ្យពួកគេ ដែលជាយុវជនជំនាន់ក្រោយ បានទទួលនូវចំណេះដឹងថ្មីៗបន្ថែមទៀត ពីសិស្សានុសិស្សនៅទីនោះ ព្រោះថា ប្រទេសអង់គ្លេស គឺជាប្រទេសដែលបានការអភិវឌ្ឍជឿនលឿន ដូច្នេះតាមរយៈដំណើរទស្សនកិច្ចនេះ ពួកគេទាំងអស់នឹងខិតខំក្រេបយកចំណេះដឹង និងបទពិសោធន៍នៅទីនោះ យ៉ាងយកចិត្តទុកដាក់បំផុត តាមអ្វីដែលអាចធ្វើទៅបាន៕