(ភ្នំពេញ)៖ ក្រុមហ៊ុនជីប ម៉ុង អ៊ីន ស៊ី ស៊ីមេន ខបភើរេសិន (CMIC) ជាក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំ និងបំពាក់ដោយបច្ចេកវិទ្យាឈានមុខគេ នៅប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានការគាំទ្រ និងការជោគជ័យលើទីផ្សារ ក្រុមហ៊ុនបានផលិតស៊ីម៉ង់ត៍ម៉ាកថ្មីឈ្មោះថា «អូដ្ឋរឹងមាំ» និងសម្ពោធដាក់ឲ្យដំណើរការ និងចែកចាយលើទីផ្សារកម្ពុជាផ្លូវការ ចាប់ពីខែកក្កដាតទៅ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ីស៊ីមេន ខបភើរេសិន (CMIC) បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ការសម្ពោធផលិតផលស៊ីម៉ងត៍អូដ្ឋរឹងមាំ ក្រោមប្រធានបទ «សាងសង់កាន់តែរឹងមាំ សាងសង់ដោយមោទនភាព»។
លោក Nicolas GEORGE នាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង (CMIC) ឲ្យដឹងថា ការដាក់ចេញនូវផលិតផលថ្មីនេះធ្វើឡើង បន្ទាប់ពីតម្រូវការទីផ្សារមានការកើនឡើង ពិសេសអតិថិជនស្វែងរកតែផលិតផល ដែលមានគុណភាពខ្ពស់រក្សានូវភាពរឹងមាំគង់វង្ស។ ស៊ីម៉ង់ត៍អូដ្ឋនឹងក្លាយជាជំរើសដ៏ចាំបាច់ សម្រាប់ការងារគ្រឿងបង្គុំក្នុងវិស័យសំណង់ដូចជា៖ ផ្នែកគ្រឹះ, សសរ, ធ្នឹម, ប្លង់សេជាដើម។
លោក Nicolas GEORGE បញ្ជាក់ថា «យើងតែងតែផ្គត់ផ្គង់ស៊ីម៉ង់ត៍ មិនត្រឹមតែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែផ្តល់ភាពងាយស្រួលលាយ និងចាក់ ដែលអាចជួយបង្កើនល្បឿនការងារជាងសំណង់ និងផ្តល់ភាពរលោងដល់ផ្ទៃសំណង់ទៀតផង។ សម្រាប់ស៊ីម៉ង់អូដ្ឋរឹងមាំនេះវិញ នឹងផ្តល់នូវបេតុងគ្មានភាពស្ពោត សំណង់ជាប់បានយូរ ចេញជ្រុងពេញល្អ និងជាប់ធន់ និងកាត់បន្ថយការជួសជុលថែមទៀតផង»។
លោក Nicolas GEORGE បានបន្តថា ចំពោះការបង្កើតអ្វីមួយក្រុមហ៊ុនតែងតែធ្វើឲ្យ មានតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលពឹងអាស្រ័យគ្នាទៅវិញទៅមក សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនេះផលិតផលថ្មី របស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ី ត្រូវបានបង្កើតឡើងស្របតាមកម្រិតស្តង់ដារ ASTM 1157 របស់អាមេរិក និង TIS 2594-2556 របស់ប្រទេសថៃ ដើម្បីធានាការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីគាំទ្រដល់បរិស្ថានបៃតង។
លោកបន្ថែមទៀតថា បន្ទាប់ពីរោងចក្រផលិតស៊ីម៉ង់ត៍នៅទូកមាស បានបើកសម្ពោធកាលពីដើមឆ្នាំ២០១៨ សកម្មភាពផលិតស៊ីម៉ង់ត៍អូដ្ឋ បានរួមចំណែកយ៉ាងសកម្ម ក្នុងវិស័យសំណង់របស់ប្រទេសកម្ពុជា ពិសេសការរួមចំណែកកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីបរទេស ដោយសារសព្វថ្ងៃនេះ រោងចក្រស៊ីម៉ង់ត៍ជីប ម៉ុង អ៊ីនស៊ីន មានសមត្ថភាពផលិតស៊ីម៉ង់ត៍ប្រកបដោយ គុណភាពខ្ពស់ជាង៥,៥០០តោនក្នុង១ថ្ងៃ។
លោកឧកញ៉ា លាង ម៉េង ប្រធានសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឲ្យដឹងថា ស៊ីម៉ង់ត៍ «អូដ្ឋរឹងមាំ» នឹងជួយដល់វិស័យសំណងជាច្រើននៅក្នុងប្រទេសកម្ពុជា និងជួយឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល និងមានភាពល្អប្រសើរជាងមុន។ លើសពីនេះក្រុមហ៊ុនបានបង្កើតក្រុមស្រាវជ្រាវមួយក្រុម ដើម្បីចុះស្រាវជ្រាវឲ្យដឹងពីការចង់បាន និងតម្រូវការអ្នកប្រើប្រាស់ថា តើអ្នកប្រើប្រាស់ចង់បែបណាទៀតផង។
លោកឧកញ៉ា បន្ដទៀតថា ជាធម្មតាយើងជាអ្នកផលិត តែងតែចង់បង្កើតផលិតផលអ្វីមួយ ឲ្យកាន់តែរីកចម្រើន និងប្រសើរឡើងជាមុន ហើយសម្រាប់ស៊ីម៉ងត៍អូដ្ឋរឹងមាំនេះ នឹងជួយដល់ដល់អ្នកប្រើប្រាស់ជាច្រើន។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនធំមួយនៅកម្ពុជា ដែលបានចែកចាយស៊ីម៉ងត៍ដល់អ្នកប្រើប្រាស់ គ្រប់តម្រូវការដូចជាការសាងសងបុរី និងអូតែលជាដើម។
លោកបញ្ជាក់ថា «ទោះបីស៊ីម៉ងត៍អូដ្ឋរឹងមាំនេះ ទើបតែប្រកាសសម្ពោធផ្លូវការ នៅថ្ងៃនេះមែនប៉ុន្ដែក្រុមហ៊ុនបានយកទៅប្រើប្រាស់ សាកល្បងរួចរាល់ហើយ ដើម្បីដឹងថា តើស៊ីម៉ងត៍ប្រភេទនេះពិតជាប្រើប្រាស់បានគ្រប់តម្រូវការ។ មួយវិញទៀតស៊ីម៉ងត៍ថ្មីនេះបានជួយសំខាន់លើ ការមិនឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងជួយឲ្យអ្នកប្រើប្រាស់ទទួលបានជាមួយតម្លៃសមរម្យ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនជីបម៉ុង អ៊ិស៊ី ស៊ីមេន ខបភើរេសិន (CMIC) ដែលបានសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ផ្លូវការនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានបោះទុនវិនិយោគ២៦២លានដុល្លារអាមេរិក មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ៕