(កោះកុង)៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសធ្ងន់ស្រាល (ព្រះសង្ឃចំនួន៥អង្គ) បញ្ជូនទៅមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ រវាងរថយន្តបែនដឹកដី១គ្រឿង បុកជាមួយម៉ូតូរ៉ឺម៉កកង់បីពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់បង្គោលគីឡូម៉ែត្រ លេខ១៤៨-១៤៩ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ នៅស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ប្រាប់ Fresh News។
ឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់ថា រថយន្តម៉ាក់នីសាន់ ពណ៌ស ចង្កូតស្ដាំ ពាក់ស្លាលេខចង្កូតស្ដាំ KSP1168 អ្នកបើកបរ (រត់គេចខ្លួនបាត់) លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូរ៉ឺម៉កកង់បីរួមដំណើរចំនួន៦នាក់ ក្នុងនោះព្រះសង្ឃចំនួន៥អង្គ។ អ្នកបើកបរម៉ូតូ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកូនសិស្សលោក មានទីលំនៅភូមិមនោរម្យ ឃុំតាណៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នឹងកន្លែងកើតហេតុ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ មានការចុះជួយអន្ដរាគមន៍ ពីកម្លាំងនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង និងកម្លាំងនគរបាលកំពង់សីលា ខេត្តព្រះសីហនុផងដែរ។
បច្ចុប្បន្នព្រះសង្ឃ៥អង្គខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ខេត្តព្រះសីហនុ រីឯវត្ថុតាងត្រូវបានផ្នែកជំនាញនគរបាលស្រុកស្រែអំបិល រៀបចំចាត់វិធានការបន្ត៕