(ណូវែលហ្សេឡង់)៖ តាមការណែនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស និងលោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់, គណៈកម្មការបក្សប្រជាជនកម្ពុជា ប្រចាំក្រុង Hamilton និង Auckland បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ -២៨ មិថុនា ២០១៩)។

ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាការបក្សប្រចាំប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ និងក្រុមការងារតំបន់៥ Hamilton និង Auckland ដោយមានការចូលរួមពីសមាជិក-សមាជិកា គណបក្សប្រជាជនប្រចាំទីក្រុងទាំងពីរ សរុបចំនួន២០០នាក់ នៅភោជនីយដ្ឋានមួយ នារាត្រីថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៩។

ការចូលរួមរៀបចំកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកនូវស្នាដៃ វីរៈភាព គុណបំណាច់ និងប្រវត្ដិដ៏យូរលង់របស់គណបក្សក្នុងការដឹកនាំ បំរើ ការពារ ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដែលធ្វើឲ្យប្រជាជនគ្រប់រូប ទទួលបានសេចក្តីសុខ និងភាពចំរុងចំរើន។

បងប្អូនដែលជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅ New Zealand បាន បង្ហាញនូវស្មារតីគាំទ្រ ស្រលាញ់គណបក្សទោះបងប្អូននៅឆ្ងាយពីមាតុប្រទេសក៏ដោយ។

ក្នុងឱកាសនោះក្រុមការងាររៀបចំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនដល់បងប្អូន ចំពោះការចូលរួមក្នុងកម្មវិធីក្នុងនាមសមាជិកបក្ស និងចូលរួមជួយរៀបចំកម្មវិធី យ៉ាងសស្រាក់សស្រាំ ហើយបានចំណាយ ពេលវេលាដ៏មានតម្លៃ ទោះបីបងប្អូនកំពុងមមាញឹកបំពេញការងារប្រចាំថ្ងៃ របស់បងប្អូនយ៉ាងណាក៏ដោយ។

លោក ផុស សុវណ្ណ ក្នុងនាមក្រុមការងារមកពីភ្នំពេញ និងក្នុងនាមលោក កៅ ថាច ប្រធានក្រុមការងារសូមសំដែងការគោរពដ៏ស្មោះចំពោះ សមានចិត្តគាំទ្រគោរពស្រឡាញ់ និងជឿជាក់របស់បងប្អូន ចំពោះការដឹកនាំប្រទេស របស់គណបក្សប្រជាជន ទាំងពេលកន្លងផុតទៅ និងពេលបច្ចុប្បន្ន៕