(ភ្នំពេញ)៖ ហ៊ីប៉ូតែក ជារបបគតិយុត្តមួយនៃការធានាបំណុលដោយវត្ថុដែលត្រូវបានដាក់ប្រាតិភោគ (ដាក់ទ្រព្យធានាកាតព្វកិច្ចដោយកូនបំណុល) ។ សារៈប្រយោជន៍នៃហ៊ីប៉ូតែកគឺ កូនបំណុលមិនចាំបាច់ធ្វើការផ្ទេរការកាន់កាប់ទ្រព្យដែលជាកម្មវត្ថុនៃការបង្កើតហ៊ីប៉ូតែក ឲ្យទៅម្ចាស់បំណុលឡើយ មានន័យថាកូនបំណុលនៃហ៊ីប៉ូតែក នៅតែមានសិទ្ធិបន្តការរស់នៅ ឬប្រកបកិច្ចការអាជីវកម្មលើទ្រព្យរបស់ខ្លួនដដែល។
សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh New សហការជាមួយក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិសូមលើកយកប្រធានបទស្តីពី «ហ៊ីប៉ូតែក» មកធ្វើការជម្រាបជូនដូចខាងក្រោម៖
យោងតាមស្មារតីនៃមាត្រា ៨៤៣ ម្ចាស់បំណុលនៃហ៊ីប៉ូតែក មានសិទ្ធិទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបាន ដាក់ប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។
ឧទាហរណ៍ៈ លោក «ក» មានដីមួយកន្លែង ហើយបានយកដីនោះទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» ដើម្បីខ្ចីលុយចំនួន ១០.០០០ ដុល្លារ ។ ក្រោយមកលោក «ក» បានយកដីដដែលទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «គ» មួយទៀតដើម្បីខ្ចីលុយចំនួន ២០.០០០ ដុល្លារ ទៀត។
មានន័យថាៈ លោក «ក» ជាកូនបំណុល ចំណែកធនាគារ «ខ» និង «គ» ជាម្ចាស់បំណុលនៃហ៊ីប៉ូតែ «ក» ។ ប៉ុន្តែបើយើងនិយាយអំពីម្ចាស់បំណុល ដែលមានអាទិភាពទទួលបាន ការសងមុនគេគឺ ធនាគារ «ខ» ដោយសារតែលោក «ក» បានបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» មុនធនាគារ «គ» ។
ហ៊ីប៉ូតែក នឹងត្រូវបង្កើតឡើង ដោយការព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជន(ជនផ្សេងទៀតក្រៅពីភាគី) ដែលយកអចលនវត្ថុរបស់ខ្លួន មកដាក់ប្រាតិភោគ (ដាក់ធានាបំណុល) ។ យោងតាមស្មារតីមាត្រា៨៤៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ គឺពុំបានធ្វើការកម្រិតអំពីលក្ខខណ្ឌទម្រង់នៃការបង្កើតកិច្ចសន្យាហ៊ីប៉ូតែកនោះទេ។
មានន័យថាៈ ភាគីនៃហ៊ីប៉ូតែកអាចធ្វើការព្រមព្រៀងគ្នាដោយផ្ទាល់មាត់ក៏បាន ឬធ្វើជាលាយលក្ខណ៍អក្សរក៏បានដែរ ។ ប៉ុន្តែក្រមរដ្ឋប្បវេណីបានកម្រិតអំពីលក្ខខណ្ឌតតាំងនៃហ៊ីប៉ូតែក ម្ចាស់បំណុលហ៊ីប៉ូតែក មិនអាចយកហ៊ីប៉ូតែក នោះមកតតាំងចំពោះតតិយជន ក្រៅពីអ្នកដែលបង្កើតហ៊ីប៉ូតែកបានឡើយ ប្រសិនបើមិនបានធ្វើកិច្ចសន្យាបង្កើតហ៊ីប៉ូតែក នោះដោយលិខិតយថាភូត និងមិនបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លីនោះទេ។
ឧទាហរណ៍ៈ លោក «ក» មានដីP ហើយលោក «ក» បានយកដីនោះទៅបង្កើតហ៊ីប៉ូតែក ជាមួយធនាគារ «ខ» ដោយខ្ចីលុយចំនួន ៣០.០០០ ដុល្លារអាមេរិក ក្រោយមកលោក «ក» បានយកដីP ទៅលក់ឲ្យលោក «គ» ចំនួន ៣០.០០០ ដុល្លារអាមេរិក ។ ក្នុងករណីនេះធនាគារ «ខ» មិនអាចយកហ៊ីប៉ូតែកនោះទៅតតាំងជាមួយលោក «គ» បានទេ ។
នៅពេលដែលហ៊ីប៉ូតែក មួយត្រូវបានបង្កើតឡើង នៅលើដីមួយកន្លែងដោយលិខិតយថាភូត និងបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី ហ៊ីប៉ូតែក នោះមានអានុភាពអនុវត្តលើវត្ថុដែលភ្ជាប់នឹង ដីរួមទាំងអគារដែលមាននៅលើដីជាប់ ហ៊ីប៉ូតែកនោះផងដែរ ទោះបីអគារនោះបានសាងសង់មុនពេល ឬក្រោយពេលបង្កើតហ៊ីប៉ូតែកក៏ដោយ (យោងតាមស្មារតីមាត្រា៨៤៦ ក្រមរដ្ឋប្បវេណី) ។
ការកំណត់បែបនេះដោយសារតែ វត្ថុដែលនៅជាប់នឹងដី ឬវត្ថុដែលបានក្លាយជាសមាសភាពនៃដីពិសេសអគារ ឬសំណង់ផ្សេងៗដែលបានសង់នៅលើដីហើយមិនអាចប្តូរកន្លែងបាន ត្រូវបានច្បាប់ចាត់ទុកថាៈ ជាសមាសភាពនៃដី។ ដូចនេះនាំឲ្យហ៊ីប៉ូតែក ដែលបានបង្កើតនៅលើដីមានអានុភាពយកទៅអនុវត្តលើអចលនវត្ថុដែលស្ថិតលើដីនោះផងដែរ។
ឧទាហរណ៍ៈ លោក «ក» ជាម្ចាស់ដីមួយកន្លែង នៅឆ្នាំ២០១៨ លោក «ក» បានសាងសង់អាគារនៅលើដីនោះមុនពេលបង្កើតហ៊ីប៉ូតែក ។ ក្រោយមកលោក «ក» បានយកដីនោះទៅបង្កើតហ៊ីប៉ូតែកជាមួយលោក «ខ» ។ ដូច្នេះអានុភាពនៃហ៊ីប៉ូតែក គឺមានទាំងលើដី និងអគារ។
យោងតាមបញ្ញត្តិនៃមាត្រា ៨៥៣ ក្រមរដ្ឋប្បវេណី ក្នុងករណីកូនបំណុលហ៊ីប៉ូតែក ពុំអនុវត្តកាតព្វកិច្ចរបស់ខ្លួន ម្ចាស់បំណុលហ៊ីប៉ូតែក អាចអនុវត្តហ៊ីប៉ូតែករបស់ខ្លួនតាមរយៈ ការដាក់ពាក្យសុំលក់ដោយបង្ខំ ចំពោះអចលនទ្រព្យដែលជា កម្មវត្ថុនៃហ៊ីប៉ូតែក ទៅតុលាការជាន់ដំបូងដែលមានសមត្ថកិច្ច ។ ប៉ុន្តែម្ចាស់បំណុលហ៊ីប៉ូតែក មិនអាចអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការដាក់ពាក្យសុំលក់ដោយបង្ខំទៅតុលាការបានឡើយ ប្រសិនកូនបំណុលហ៊ីប៉ូតែក អនុវត្តកាព្វកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ។
ឧទាហរណ៍ៈ ធនាគារ A ជាម្ចាស់បំណុលហ៊ីប៉ូតែក ចំនួន ២០.០០០ ដុល្លារអាមេរិក លើដីមួយកន្លែងរបស់លោក B ។ ថ្ងៃអនុវត្តកាតព្វកិច្ចរបស់លោក B ចំពោះធនាគារ A ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ នៅពេលដល់ថ្ងៃកំណត់ត្រូវប្រគល់ប្រាក់លោក B ពុំបានអនុវត្តកាព្វកិច្ចចំពោះធនាគារ A ដែលជាម្ចាស់បំណុលនៃហ៊ីប៉ូតែក ។ យើងកំណត់ថាតម្លៃដីរបស់លោក B លក់បាន២៥.០០០ ដុល្លារ ។ ដូច្នេះថ្លៃលក់ដី២០.០០០ ដុល្លារ ត្រូវប្រគល់ទៅឲ្យម្ចាស់បំណុល រីឯប្រាក់ដែលសល់ពីលក់ចំនួន៥.០០០ ដុល្លារទៀតត្រូវប្រគល់មកឲ្យលោក B វិញ។
សរុបមកឃើញថាៈ ដើម្បីបង្កើតហ៊ីប៉ូតែកបានលុះត្រាតែ ភាគីម្ចាស់បំណុល (អ្នកឲ្យខ្ចីលុយ) និងកូនបំណុល (អ្នកខ្ចីលុយ) បានព្រមព្រៀងគ្នា ហើយដើម្បីឲ្យហ៊ីប៉ូតែក នោះមានអានុភាពអនុវត្ត និងអាចតតាំងជាមួយតតិយជនបាន ហ៊ីប៉ូតែក៏ត្រូវតែធ្វើឡើងតាមទម្រង់លិខិតយថាភូត និងយកទៅចុះបញ្ជីក្នុងសៀវភៅបញ្ជីដីធ្លីនៃមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលអចលនវត្ថុស្ថិតនៅ ។
ម្យ៉ាងទៀតការបង្កើតហ៊ីប៉ូតែក បានផ្តល់សារៈប្រយោជន៍ច្រើនទៅឲ្យកូនបំណុលនៃហ៊ីប៉ូតែក ដោយសារតែអចលនវត្ថុ ដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកគឺ កូនបំណុលមិនចាំបាច់ ផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យម្ចាស់បំណុលនោះទេ ។ មួយវិញទៀតកូនបំណុលហ៊ីប៉ូតែក នៅតែមានសិទ្ធិប្រើប្រាស់ អាស្រ័យផលចំពោះអចលនទ្រព្យដែលជាកម្មវត្ថុនៃហ៊ីប៉ូតែក របស់ខ្លួនដដែល ។
ប៉ុន្តែកូនបំណុលត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះម្ចាស់បំណុល ក្នុងករណីដែលកូនបំណុលមិនបានគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល ពេលនោះម្ចាស់បំណុលហ៊ីប៉ូតែក មានសិទ្ធិដាក់ពាក្យសុំទៅតុលាការដើម្បីធ្វើការលក់ដោយបង្ខំលើអចលនវត្ថុនោះ ដើម្បីយកលុយមកសងម្ចាស់បំណុល ។ នេះជាចំណុចសំខាន់ដែលច្បាប់ ជាពិសេសក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានធានាការពារសិទ្ធិដល់ម្ចាស់បំណុលហ៊ីប៉ូតែកដោយការសង។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕