(ភ្នំពេញ)៖ មូសខ្លាញីត្រូវបានយើងដឹងជាទូទៅថាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហើយបាននឹងកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០១៩នេះ ព្រោះជាឆ្នាំនៃវដ្តកកើតមូសខ្លាយ៉ាងច្រើន និងនាំឱ្យជំងឺគ្រុនឈាមកើតមានច្រើនករណីផងដែរ។ រយៈពេលប្រមាណ៦ខែឆ្នាំ២០១៩ គ្រុនឈាមបង្កដោយមូសខ្លាញីបានកើតឡើងប្រមាណ ១៣,០០០ករណី ហើយបណ្តាលឱ្យមនុស្សប្រមាណ ២៤ករណី។
ក្រៅពីបង្កឱ្យមានជំងឺគ្រុនឈាមហើយនោះ មូសខ្លាញី ក៏ទីភ្នាក់ងារបង្កឱ្យមានជំងឺខួរក្បាលតូច (Zika) និងជំងឺសន្លាក់រ៉ាំរ៉ៃផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។
ដើម្បីទប់ស្កាត់បានការផ្ទុះឡើងនូវជំងឺគ្រុនឈាមវិធានការទប់ស្កាត់កុំឱ្យកើតមានមូសខ្លាញីច្រើន និងវិធីការពារកុំឱ្យមូសខ្លាញីខាំជាវិធានការមួយដ៏សំខាន់បំផុត។ ដើម្បីទប់ស្កាត់ និងកម្ចាត់មូសខ្លាបានយើងគួរតែសិក្សាស្វែងយល់ពីប្រភពកកើត និងរបៀបរស់នៅរបស់មូសខ្លាជាមុនសិន។
ក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាជំងឺគ្រុនឈាមរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានចែកចាយចំណេះដឹងអំពីសត្វមូសខ្លានេះដូចខាងក្រោម៖
មូសខ្លាំញី ចូលចិត្តខាំឈាមមនុស្សជាងសត្វ ខាំមនុស្សពី២-៣នាក់ ខាំពេលថ្ងៃពីម៉ោង ៦ព្រឹកដល់ម៉ោង ៧យប់។ ការខាំបើតឈាមនេះ ដើម្បីកកើតពង និងធ្វើឱ្យពងរបស់វាលូតលាស់។
មូសខ្លាចូលចិត្តរស់នៅ និងទុំនៅកន្លែងងិតគ្មានពន្លឺចេញចូលគ្រប់គ្រាន់ ព្រៃស៊ុបទ្រព ពងនៅកន្លែងទឹកដក់រងថ្លា គ្មានក្លិនស្អុយ។ មូសខ្លាមិនចូលចិត្តរស់នៅឡើយកន្លែងដែលមានក្លិនស្អុយ។ ទឹកដែលមិនស្អុយនោះមាននៅក្នុងពាង អាង ធុង សំបកកង់ឡាន កង់ម៉ូតូ (ទឹកក្នុងកង់ឡាន កង់ម៉ូតូជាប្រភពកកើតច្រើនជាងរហូតដល់ ១១ដង ធៀបជាមួយកន្លែងមានទឹកដក់ទឹកផ្សេងៗ)។ សំបកកំប៉ុង ចានស្នោ ប្លាស្ទីក ចានទ្រជើងទូ ថូផ្កា សំបកដូង អំបែងចាន ក្រឡ ពាង សុទ្ធតែជាកន្លែងងាយដក់ទឹកមិនស្អុយ និងជាកន្លែងបង្កើតមូសខ្លាផងដែរ។
កត្តាអកាសធាតុ ក៏ជាកត្តាងាយបង្កឱ្យកើតមានមូសខ្លាផងដែរ។ បើសិនជាកម្តៅកើនឡើងមួយដឺក្រេ ឱកាសកកើតគ្រុនឈាម ២០ភាគរយ។ ភ្លៀងធ្លាក់កើនមួយមិល្លីម៉ែត្រ អត្រាកកើតជំងឺគ្រុនឈាម អាចកើតឡើង ៣០ភាគរយ។ ក្នុងរដូវវស្សាជំងឺគ្រុនឈាមកើតឡើងទ្វេដង បើធៀបរដូវប្រាំង ពោលមានវត្តមានមូសខ្លា គឺមានមេរោគគ្រុនឈាម។
មូសខ្លាមួយអាចចម្លងជំងឺ៣មុខរួមមាន៖ ជំងឺគ្រុនឈាម ជំងឺខួរក្បាលតូច (Zika) និងជំងឺឈឺសន្លាក់ដៃជើងរ៉ាំរ៉ៃ។ មូសខ្លាមានទម្លាប់ហើរ ១៥០ម៉ែត្រពីកន្លែងរស់នៅ (តែបើអត់ចំណីទោះចម្ងាយ ៥គីឡូម៉ែត្រក៏ហើរទៅរកឱ្យបានដែរ) ហើយមូសខ្លាមានសមត្ថភាពស្រូបក្លិនអាម៉ូញាក់ចេញពីញើសក្នុងខ្លួនមនុស្ស តាមបណ្តោយខ្យល់បានរហូតដល់ទៅ ៥គីឡូម៉ែត្រ។
សំបកកង់ឡាន កង់ម៉ូតូ ជាសណ្ឋាគារផ្កាយ៥របស់មូសខ្លា ព្រោះមិនមាននរណាអាចចាក់ទឹកចេញពីកង់ឡាន កង់ម៉ូតូបានឡើយ។ លុះត្រាតែវះសំបកកង់ឡាន កង់ម៉ូតូនោះ ទើបអាចយកទឹកចេញបាន។
សំបកកង់ឡានមួយមានផ្ទុកដង្កូវទឹកមិនតិចជាង ៥ពាន់ដង្កូវទឹកនោះទេ។ ដង្កូវទឹកនេះអាចវិវឌ្ឍន៍ទៅជាមូសក្នុងរយៈពេល ១៥ថ្ងៃ ហើយបើរដូវក្តៅវិញប្រើរយៈពេលតែ ១២ថ្ងៃប៉ុណ្ណោះ។ អាកាសធាតុភ្លៀងក្តៅៗ ជាអំណោយផលខ្ពស់សម្រាប់ការកកើតមូស។ មូសខ្លាញីមួយជាមធ្យមពងប្រមាណ ៣០០ពងមូស។
ការចូលរួមទប់ស្កាត់កុំឱ្យកើតមានមូសខ្លាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់កុំឱ្យមានជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ក៏បានលើកបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការទប់ស្កាត់កុំឱ្យមានការកកើតមូសខ្លានេះផងដែរ។
លោកវេជ្ជបណ្ឌិត ហ៊ុល រ៉េកុល បានណែនាំថា ដើម្បីទប់ស្កាត់កុំឱ្យមានមូសខ្លា ម្ចាស់អាជីវករកស៊ីពាក់ព័ន្ធជាមួយកង់ឡាន កង់ម៉ូតូ ត្រូវចេះដាក់គរលើគ្នាឱ្យបានត្រឹមត្រូវ យកក្តាទៅគ្របសង្កត់ពីលើដើម្បីធានាថាគ្មានទឹកអាចទៅដក់ក្នុងសំបកនោះបាន ឬរកមុងទៅគ្របពីលើសំបកកង់ឡាន។
នៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋត្រូវប្រមូលកប់ចោលរាល់ប្រភពដែលនាំឱ្យដក់ទឹក។ ត្រូវកាប់ព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ ត្រូវរៀបចំសណ្តាប់ធ្នាប់ក្នុងផ្ទះកុំឱ្យមានសភាពស៊ុបទ្រុបងាយកើតជាជម្រកមូស ហើយត្រូវបើកបង្អួចផ្ទះឱ្យមានពន្លឺចូលគ្រប់គ្រាន់។
ការដាក់ថ្នាំអាបេត និងថ្នាំ BTI នៅក្នុងពាងទឹកក៏ជាវិធីសាស្ត្រក្នុងការកម្ចាត់មូសខ្លាផងដែរ។ រយៈពេល៦ខែឆ្នាំ២០១៩នេះ ថ្នាំប្រមាណ ១៨៤តោនហើយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ហើយឆ្នាំ២០១៩នេះក្រសួងត្រៀមថ្នាំរហូតដល់ទៅ ៣០០តោនទុកចែកជូនប្រជាពលរដ្ឋ។
ការបាញ់ថ្នាំ ក៏ជាវិធីមួយក្នុងការកម្ចាត់មូសខ្លាដែរ។ តែវិធីមួយនេះ ក្រសួងមិនលើកទឹកចិត្តឡើយ ព្រោះការបាញ់ថ្នាំវាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានផ្តល់ដំបូន្មានផងដែរថា អាណាព្យាបាល ឬសាច់ញាតិត្រូវប្រញាប់បញ្ជូនកូន ឬសាច់ញាតិខ្លួនទៅកាន់មន្ទីរពេទ្យរដ្ឋភ្លាមប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនឈាម។ លោក រ៉េកុល បានអះអាងថា បើមានការយឺតយ៉ាវ ឬពន្យារពេលច្រើនថ្ងៃគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។
លោក ហ៊ុយ រ៉េកុល ក៏បានរំលឹកផងដែរដល់អ្នកសង្ស័យមានជំងឺគ្រុនឈាមមិនត្រូវទៅទិញថ្នាំនៅតាមឱសថស្ថានដោយគ្មានបច្ចេកវិទ្យានោះទេ ព្រោះងាយនឹងនាំឱ្យគ្រោះថ្នាក់ដល់ជីវិត។ ជាពិសេសមិនត្រូវប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin និងថ្នាំប្រភេទ Steroids, Ibuprofen ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង៕
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ