(ព្រៃវែង)៖ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់បានផ្ទុះអាវុធចំនួន ២៧គ្រាប់ បានបណ្តាលឲ្យបុរសម្នាក់រងរបួសខ្មងជើង បៀមគ្រាប់ក្នុងចំណោមបក្ខពួក ៦នាក់ ដែលធ្វើនេសាទក្នុងដែនហាមឃាត់។
ការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅទន្លេមេគង្គស្ថិតនៅក្នុងទឹកដីឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែង ជាប់ព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល!។
តាមព័ត៌មានដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រៃវែង បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លោះ បានចុះបង្ក្រាបករណីបទល្មើស ជលផលនៅចំណុចខាងលើ ក្នុងនោះបានប្រើទូកអូប័រ បាញ់រះចំនួន ២៧គ្រាប់ ដើម្បីស្ទាក់ចាប់បាន ទូកនេសាទចំនួន ០៣គ្រឿង និងមនុស្សសរុប៦នាក់។
ក្នុងនោះមានម្នាក់ឈ្មោះ ង្វៀង វ៉ាន់អ៊ុក អាយុ៣៤ឆ្នាំ ជនជាតិវៀតណាមរស់នៅភូមិកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវគ្រាប់រងបួសធ្ងន់ ដោយចំខ្មងជើង ខាងស្តាំបៀមក្បាល គ្រាប់ជាប់តែម្តង ដោយកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ រីឯជនសង្ស័យចំនួន ៥នាក់ទៀត ត្រូវបាននគរបាលខេត្តព្រៃវែង នាំខ្លួនមកស្នងការដ្ឋានខេត្ត ដើម្បីសួរនាំ និងរៀបចំបែបបទ ប្រគល់ឲ្យជំនាញជលផលចាត់ការតាមនីតិវិធី។
ពាក់ពន្ធ័នឹងករណីផ្ទុះអាវុធបណ្ដាលឲ្យរបួសមនុស្សនេះដែរលោក អូន ស៊ីណាត នាយខ័ណ្ឌរដ្ឋបាលខេត្តព្រៃវែង បានថ្លែងថា ករណីចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកពាមជរ៍ ហើយផ្ទុះអាវុធនោះ គឺកំលាំងរបស់លោកមិនបានចូលរួមទេ។ នោះជាមន្ត្រីនគរបាលបង្ក្រាបទេ ដោយលោកចាំតែទទួលបែបបទ និងជនសង្ស័យនៅថ្ងៃស្អែក ដើម្បីចោទប្រកាន់បញ្ជូនទៅតុលាការប៉ុណ្ណោះ។
លោក អូន ស៊ីណាត បញ្ជាក់ថា កន្លងមកមន្ត្រីរបស់លោកបានស្លាប់ម្នាក់ ក្នុងពេលចុះបង្ក្រាបបទល្មើសនេសាទ។ រីឯលោក កែវ រ៉េតមុន្នី ស្នងការងខេត្តព្រៃវែង ទទួលផែនសេដ្ឋកិច្ច និងជាអ្នកដឹកនាំកំលាំងចុះផ្ទាល់បានឲ្យដឹងថា ដោយមានការប្តឹងនឹងរាយការណ៍ពីប្រជាពលេដ្ឋថា មានក្រុមអ្នកនេសាទខុសច្បាប់ បានអូសឆាយរ៉ាវ ដោយភ្ជាប់ ឧបករណ៍ឆក់ខុសច្បាប់។ ជារៀងរាល់យប់ទើបឯកឧត្តម ពេជ្រ ជីវ័ន្ត អនុប្រធានក្រុមការងារចុះជួយស្រុកពាមជរ៍ បានស្នើសុំឲ្យចុះបង្ក្រាបបទល្មើសខាងលើនេះតែម្ដង។
លោកបន្តថា នៅពេលបង្រ្កាបនោះ ក្រុមទូកនេសាទឃើញសមត្ថកិច្ចយើងដេញ នឹងស្ទាក់ទូករបស់ពួកគេ គឺពួកគេបានបើករត់ និងមានបំណងបើកបំបុកមកលើសមត្ថកិច្ចវិញ។ ពេលនោះសមត្ថកិច្ច បានបាញ់ឡើងលើនឹងបាញ់ទៅផុកតែក៏ផ្លាតត្រូវជើងអ្នកបើកទូកបទល្មើសចំនួន១គ្រាប់ បណ្ដាលឲ្យរងរបួសតែម្ដងទៅ៕