(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារពខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១-២៨ មិថុនា ឆ្នាំ២០១៩) នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ។
ក្នុងពិធីនោះដោយមានការចូលរួមពីលោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីក្រុមការងារចុះជួយឃុំ សង្កាត់ និងគណបក្សក្រុង ស្រុក ឃុំ/សង្កាត់ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តសរុប២១០០នាក់។
លោក វ៉ា ថន បានអាននូវសុន្ទរកថា របស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ការបង្កើតគណបក្សប្រជាជន ដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះមានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
លោក ពេជ្រ ប៊ុនធិន បញ្ជាក់ថា «រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ក្រោមកិច្ចដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន និងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ក្នុងការឆ្លើយតបទៅឆន្ទះម្ចាស់ឆ្នោត»។
លោកបានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យសំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្ស ឲ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងសូមជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរទាំងមូល៕