(កំពង់ធំ)៖ ខ្នងផ្ទះទី១២២-១២៣ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសាងសង់រួច ហើយបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅស្រុកពីរផ្សេងគ្នា នៅក្នុងខេត្តកំពង់ធំ ដឹកនាំប្រគល់ដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងសហការីព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករផងដែរ។
ខ្នងផ្ទះទី១២២ ត្រូវបានប្រគល់ជូនលោក វង្ស វិន អាយុ៦៣ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយ៍ឯកបម្រុង អតីតគណៈបញ្ជាការយោធាស្រុកប្រាសាទសំបូរ ក្នុងអំឡុងឆ្នាំ១៩៨៦ ដល់ឆ្នាំ ១៩៩០ ដោយបានត្រូវរបួសពិការនៅសមរភូមិ ក្នុងសម័យសង្គ្រាមនៅឆ្នាំ១៩៩០។
លោក វង្ស វិន បច្ចុប្បន្នរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះក្រុមការងារសមាគមអតីតយុទ្ធជន ខេត្ត ស្រុក រួមជាមួយអាជ្ញាធរ បានប្រគល់ជូនគាត់បន្ថែមទៀតនូវអង្ករចំនួន ៥០គីឡូក្រាម មីយើងចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ មុងជ្រលក់ថ្នាំចំនួន០២ ត្រីខ០១យួរ និងថវិកា ៣០០,០០០៛។
ខ្នងផ្ទះទី១២៣ ត្រូវបានប្រគល់ជូនលោក ជួន វន អាយុ៥៤ឆ្នាំ ជាអតីតយុទ្ធជនពិការដោយសារជាន់មីននៅសមរភូមិ នៅអតីតអង្គភាពវរៈសេនាតូចលេខ៥៥ ចាស់នៃយោធាខេត្តកំពង់ធំ។ បច្ចុប្បន្នរស់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងពិធីប្រគល់ផ្ទះថ្មីជូនលោក ជួន វន នេះ ក្រុមការងារបានជួយឧបត្ថម្ភបន្ថែមនូវអង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ មុងជ្រលក់ថ្នាំចំនួន០២ និងថវិការចំនួន២៥០,០០០រៀល។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ខ្នងផ្ទះនីមួយៗដែលបានសាងសង់រួច ប្រគល់ជូនអតីតយុទ្ធជនយើង គឺបានសាងសង់ខ្ពស់ផុតពីដីជញ្ជាំងនិងរនាបក្ដារ ដំបូលប្រក់ស័ង្កសី ជណ្ដើរកាច់ មានទំហំ ៤មx៦ម ហើយងាយស្រួលឲ្យបងប្អូនអតីតយុទ្ធជនយើងស្នាក់នៅ នឹងឡើងចុះ។
ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងក្រុមគ្រួសារតីតយុទ្ធជនដែលបានទទួលផ្ទះថ្មី មានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណ ជូនពរសម្ដេចមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងពេលដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍនៃកម្ពុជាយើង៕