(រតនគិរី)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គឹម រស្មី ជាសប្បុរសជនម្នាក់នៅក្រុងបានលុង ខេត្តរតនគិរី បាននាំយកថវិកាឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី១២ ចំនួន៦១នាក់ ត្រៀមប្រលងបាក់ឧុប (ទុតិយភូមិ) ឆ្នាំ២០២៩ នៅវិទ្យាល័យត្រពាំងក្រហមស្រុកកូនមុំ។
លោក គឹម រស្មី បានថ្លែងថា ដោយមើលឃើញការលំបាករបស់ក្មួយៗ និងការចូលរួមលើកម្ពស់វិស័យអប់រំ គាត់ និងក្រុមគ្រួសារបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយក្មួយៗ ក្នុងម្នាក់ទទួលបាន១០ម៉ឺនរៀល, លោកគ្រូចំនួន ២នាក់ ទទួលជួយបង្រៀនក្រៅម៉ោងក្នុងម្នាក់ ៤០ម៉ឺនរៀល និងនាយកវិទ្យាល័យត្រពាំងក្រហម៤០ម៉ឺនរៀលផងដែរ។
លោក គឹម រស្មី បានរៀបរាប់ពីជីវិតរបស់គាត់ ដែលអតីតជាទាហានម្នាក់ អត់ចេះអក្សរ, តែឃើញក្មួយខិតខំរៀនសូត្រ គាត់មានចិត្តសប្បាយត្រេកអរ ព្រោះក្មួយៗជាទំពាំងស្នងឫស្សី ជួយអភិវឌ្ឍន៍ប្រទេសជាតិ។
ទន្ទឹមនឹងនោះដែរ គាត់បានដាស់តឿនក្មួយៗ សូមឲ្យនៅឆ្ងាយបញ្ហាគ្រឿងញៀន, គោរពច្បាប់ដើម្បីឲ្យមានអនាគតល្អគ្រប់ៗគ្នា។ លោក ម៉ែន សារិន នាយកវិទ្យាល័យត្រពាំងក្រហម បានប្រាប់ភ្នាក់ងារ Fresh News ថា សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រលងទុតិយភូមិ (បាក់ឧុប) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដែលបានទទួលការឧបត្ថម្ភពីលោក គឹម រស្មី ចំនួន៦១នាក់ មានស្រី ២៥នាក់, លោកគ្រូ ២នាក់ ទទួលបង្រៀនបន្ថែមក្រៅម៉ោងលើមុខវិជ្ជាចំនួន២ គឺគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ។
លោកនាយកវិទ្យាល័យត្រពាំងក្រហមបន្តថា សិស្សរបស់ម្នាក់ៗរៀនពូកែណាស់។ ជាក់ស្តែង កាលពីឆ្នាំ២០១៦ បេក្ខជនប្រលងទុតិយភូមិចំនួន២២នាក់, ស្រី៩នាក់ (ប្រលងជាប់១០០ភាគរយ) និងឆ្នាំ២០១៨ បេក្ខជន ៤៤នាក់, ស្រី២០នាក់ (ប្រលងជាប់១០០ភាគរយ)។ ចំណែកឯឆ្នាំនេះ២០១៩ ដោយមានការឧបត្ថម្ភពីលោក គឹម រស្មី និងការយកចិត្តពីគណៈគ្រប់គ្រងសាលា, លោកគ្រូ អ្នកគ្រូសង្ឃឹមថាកូនសិស្សទាំងអស់ប្រលងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា,រូបគាត់ក្នុងនាមតំណាងឲ្យនាយកវិទ្យាល័យនិងអាណាព្យាបាលសិស្សសូមថ្លែងគុណម្ចាស់សប្បុរសជនគឺលោកគឹម រស្មីនិងក្រុមគ្រួសារជួបប្រទះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕