(ភ្នំពេញ)៖ បើនិយាយពីរឿងកាហ្វេ មានមនុស្សជាច្រើនបានភ្លក្សនូវរសជាតិដ៏សម្បូរបែប រាប់តាំងពីកាហ្វេតម្លៃទាប និងតម្លៃខ្ពស់ ប៉ុន្តែការពិតមួយដែលមិនអាចប្រកែកបានគឺ កាហ្វេភាគច្រើនបំផុត គឺទិញវត្ថុធាតុដើមពីក្រៅប្រទេស ហើយកាហ្វេដែលមានកេរ្តិ៍ឈ្មោះល្បីៗ មួយចំនួនធំ ក៏សុទ្ធតែមានម៉ាកយីហោអន្តរជាតិ ក្រោយសង្កេតឃើញបែបនេះ កូនខ្មែរមួយរូបបានចំណាយពេលជាង១០ឆ្នាំ បង្កើតក្រុមហ៊ុន «អង្គរកាហ្វេ» ជាមួយនឹងកាដាំដំណាំកាហ្វេ ដែលមានគុណភាពខ្ពស់ ដែលជាផលិតផលមានវត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការប្រជែងជាមួយកាហ្វេនាំចូលពីក្រៅស្រុក។
លោក តែ សុផល ដែលជាសហស្ថាបនិកក្រុមហ៊ុន «អង្គរកាហ្វេ» បានលើកឡើងថា ការកសាងគុណភាពកាហ្វេដោយរាប់ចាប់តាំងពី ការដាំ ប្រមូលផល ហាល លីង និងដំណាក់កាលជាច្រើនទៀត រហូតទទួលបានផលិតផលសម្រេចសម្រាប់លក់ឱ្យហាងកាហ្វេ ឬភោជនីយដ្ឋាន មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ដ្បិតអីត្រូវការដីដែលមានជីវជាតិ និងបរិយាកាសសាកសមនឹងដំណាំកាហ្វេ គ្រាប់ពូជសុទ្ធល្អ បច្ចេកទេស ការថែទាំ ម៉ាស៊ីនទំនើបៗ កម្លាំងពលកម្ម ការវេចខ្ចប់ និងធនធានជាច្រើនទៀតដែលសុទ្ធតែជាបញ្ហាប្រឈម ទើបធ្វើឱ្យសហគ្រិនភាគច្រើនមិនចាប់អារម្មណ៍ និងមិនអាចទ្រាំទ្របានជាមួយនឹងអាជីវកម្មមួយនេះ។
លោក តែ សុផល បានបន្ថែមថា ដោយមានបទពិសោធន៍ខាងផ្នែកផលិតតាំងពីអាយុ ១៨ឆ្នាំមក ក្នុងវិស័យផលិតកាហ្វេនេះ លោកមិនបានរាថយឡើយក្នុងបេសកកម្មចូលរួមចំណែក ក្នុងការលើកកម្ពស់កាហ្វេក្នុងស្រុក និងផ្ដល់ការងារដល់ប្រជាជន ដើម្បីចូលរួមកាត់បន្ថយចំណាកស្រុក ដោយលោក និងដៃគូ បានបង្កើតក្រុមហ៊ុន អង្គរកាហ្វេនេះឡើងនៅឆ្នាំ២០០៨ ដែលបច្ចុប្បន្នចំការរបស់លោក បានកំពុងដាំដុះនៅក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។
ស្ថាបនិកក្រុមហ៊ុន «អង្គរកាហ្វេ» បានបញ្ជាក់ទៀតថា ចំការអង្គរកាហ្វេ បានដាំដំណាំកាហ្វេពីរប្រភេទ គឺពួករ៉ូប៊ូស្តា និងប្រភេទពូជដែលចំណាយអស់ថ្លៃដើមខ្ពស់ អារ៉ាប៊ីកា ហើយការបេះផ្លែត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងយកចិត្តទុកដាក់បំផុត គឺប្រើកម្លាំងពលកម្មបេះដោយដៃផ្ទាល់ និងយកតែផ្លែទុំប៉ុណ្ណោះ។ ដូចគ្នាដែរចំពោះការ ហាល និងបកសម្បក។ ដោយឡែកបើនិយាយពីការលីងវិញ ត្រូវប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបលំដាប់អន្តរជាតិ ដើម្បីធានាបាននូវកាហ្វេ ដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យស្របតាមស្ដង់ដារសកល។
លោក តែ សុផល ក៏បានបង្ហើបផងដែរថា កាហ្វេអង្គរ មានលក្ខណៈពិសេសត្រង់ថា ជាកាហ្វេដែលដាំ លីងនៅក្នុងស្រុក មិននាំចូលពីក្រៅប្រទេស ពោលគឺជាកាហ្វេដែលដាំដុះនៅក្នុងខេត្តមណ្ឌលគិរីតែម្ដង។ កាហ្វេអង្គរត្រូវបានដាំដុះ និងចម្រាញ់ចេញតាមរបៀបធម្មជាតិសុទ្ធសាធ ហើយជាពូជដែលនាំចូលមកពីប្រទេសស្ថិតនៅក្នុងចំណោមប្រទេសផលិតកាហ្វេគុណភាពលំដាប់ពិភពលោកតែម្ដង។
លោកក៏បានបង្ហើបប្រាប់ទៀតថា មានកត្តា៤យ៉ាង ដែលធ្វើឲ្យកាហ្វេដែលដាំដុះក្នុងខេត្តមណ្ឌលគិរីមួយនេះ មានគុណភាពមិនចាញ់កាហ្វេនាំចូលពីក្រៅប្រទេស៖
*ទី១.សណ្ឋានដី៖ សណ្ឋានដីខេត្តមណ្ឌលគិរី ជាប្រភេទដីក្រហម និងជាសណ្ឋានដីដែលអំណោយផលបំផុតដល់ដំណាំកាហ្វេ។ រឹតតែពិសេសទៅទៀតនោះគឺថា ប្រភេទដីគឺជាដីដែលមានជីវជាតិតាមបែបធម្មជាតិ និងអំណោយផលដល់ប្រភេទដំណាំកាហ្វេតែម្ដង។
*ទី២. កម្រិតទឹកភ្លៀង៖ ខេត្តមណ្ឌលគិរី ជាខេត្តដែលគ្របដណ្ដប់ទៅដោយព្រៃឈើភាគច្រើន ដែលជាកត្តាអាចទាក់ទាញទឹកភ្លៀងមកធ្លាក់នៅតំបន់នោះច្រើនបង្គួរ។ កត្តាដែលតំបន់នេះមានភ្លៀងធ្លាក់ច្រើនជាងតំបន់ដទៃនេះហើយធ្វើឱ្យតំបន់នេះពិតជាអំណោយផលមែនទែនដល់ការដាំដុះកាហ្វេ។
*ទី៣. កំរិតកំពស់ភ្នំ៖ ដំណាំកាហ្វេជាប្រភេទដំណាំដែលគេតែងតែនិយមដាំនៅតាមតំបន់ភ្នំដែលមានកំពស់ខ្ពស់។ ខេត្តមណ្ឌលគិរីជាខេត្តដែលសំបូរទៅដោយភ្នំដែលមានកំពស់ចន្លោះពី ៤០០ ដល់៧០០ម៉ែត បើធៀបទៅនឹងកម្រិតទឹកសមុទ្រ។ ត្រឹមកម្រិតប៉ុណ្ណេះ ដីពិតជាសក្ដិសមក្នុងការដាំដំណាំកាហ្វេ។
*ទី៤. អាកាសធាតុ៖ ដោយសារកំរិតកំពស់ខ្ពស់ធ្វើឱ្យខេត្តនេះមានភាពល្បីល្បាញថាជាខេត្តដែលមានអាកាសធាតុត្រជាក់ស្រួលខ្លួនស្ទើរពេញមួយឆ្នាំ។
លោក តែ សុផល ការជួយទិញ និងប្រើប្រាស់ផលិតផលខ្មែរ ជារឿងដ៏សំខាន់ ហើយវារឹតតែសំខាន់ទៅទៀត ប្រសិនបើផលិតផលរបស់ខ្មែរមានគុណភាព អាចប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេស ឬក៏មានគុណភាពលើសប្រទេសជិតខាងទៅទៀតនោះ។ ក្នុងបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក កាហ្វេអង្គរ បាននឹងកំពុងត្រៀមដាក់ចេញនូវកញ្ចប់ផលិតផលថ្មី ដែលអាចរកទិញបាននៅផ្សារទំនើបធំៗ ក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗនេះផងដែរ៕