(ភ្នំពេញ)៖ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី នៅក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រវាងសមាគម សហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគម និងព័ត៌មាន, Konrad Adenauer Stitung, វិទ្យាស្ថានចក្ខុវិស័យអាស៊ី, អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មានធុរកិច្ច។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងសហគមន៍ធុរកិច្ច ជាពិសេសសមាជិកសមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោក វង្សី វិស្សុត បានថ្លែងថា ដោយផ្អែកលើប្រធានបទ នៃអនុស្សារណៈដែលនឹងត្រូវចុះហត្ថលេខានាពេលបន្តិចទៀតនេះ សូមស្នើដល់អ្នកដឹកនាំក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនទាំងអស់ ត្រូវចេះចាប់យកនូវឱកាសទាំងឡាយ ក៏ដូចជា ត្រូវមានជំហររួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤, ពីដំណើរផ្លាស់ប្តូរឌីជីថល, ការរីកចម្រើនលូតលាស់នៃបច្ចេកវិទ្យា និងការគំរាមកំហែងខាងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងបញ្ហាសុវត្ថិភាព និងការការពារសិទ្ធិឯកជន។
លោកបានបន្តថា ប្រធានបទ «ដំណើរផ្លាស់ប្តូរឌីជីថល» ត្រូវបានលើកឡើងជាសកល ដោយរដ្ឋាភិបាលនៃប្រទេសនានា ហើយបានធ្វើការពិភាក្សា និងចែករំលែកជាទស្សនៈផ្សេងៗ ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយរបស់ប្រទេសនីមួយៗឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ឬសង្គមឌីជីថល។ ហើយនិន្នាការជាសកលនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកណា ដែលបានត្រៀមខ្លួនល្អជាងគេ។
លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយរយៈពេលវែងសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ យើងមានគោលដៅបញ្ចប់ការរៀបចំក្របខ័ណ្ឌ គោលនយោបាយរយៈពេលវែងនេះត្រឹមត្រីមាសទី២ ឆ្នាំ២០២០ ហើយក្របខ័ណ្ឌគោលនយោបាយនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់នាំកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នៅក្នុង រយៈពេលពី ១៥ ទៅ ២០ ឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាបាន និងកំពុងបោះជំហានទៅមុខលើកិច្ចការមួយចំនួនរួចហើយ ដែលបានចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះ និងបរិស្ថានអំណោយផល ដើម្បីជំរុញបច្ចេកវិទ្យាឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្តែង ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាឧទាហរណ៍ជាក់ស្តែងថ្មីមួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងខាងលើ។
លោក វង្សី វិស្សុត ក៏បានបន្តលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងផ្តួចផ្តើមកម្មវិធីយ៉ាងហោចណាស់ចំនួន ០៥ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូសហគ្រាសធុនតូចនិងមធ្យម ដែលរួមមាន៖
*ទី១៖ ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីជំរុញ និងលើកទឹកចិត្តការចូលរួមរបស់វិស័យឯកជន លើការបណ្តុះបណ្តាលជំនាញ ដើម្បីកាត់បន្ថយភាពមិនស៊ីគ្នាផ្នែកជំនាញ ទាំងបរិមាណ និងគុណភាព ព្រមទាំងលើកកម្ពស់ការវិនិយោគនៅក្នុងការអភិវឌ្ឍជំនាញ ដោយជួយសម្របសម្រួល និងគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចពីឧស្សាហកម្មអតិពលកម្ម ឱ្យទៅជាឧស្សាហកម្មដែលតម្លៃបន្ថែមខ្ពស់។
*ទី២៖ ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរៈកិច្ចថ្មីតេជោ មានគោលបំណងបណ្តុះអាជីវកម្មជោគជ័យ តាមរយៈការលើកកម្ពស់ភាពជាសហគ្រិន និងសមត្ថភាពក្នុងការច្នៃប្រឌិតថ្មី តាមរយៈកម្មវិធីគាំទ្រនានា រួមមានការអភិវឌ្ឍន៍ ធុរៈកិច្ចថ្មី, ការបង្ហាត់បង្រៀន, ជំនួយបច្ចកទេស, ការលើកកម្ពស់កម្លាំងពលកម្មដែលជំនាញខ្ពស់, និងការផ្សារភ្ជាប់ទៅកម្លាំងពលកម្មទាំងនេះ ក៏ដូចជាការភ្ជាប់ទៅនឹងធនធានវិនិយោគ។
*ទី៣៖ ការលើកទឹកចិត្តពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម មានគោលបំណងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមថ្មី និងវិស័យដែលមានស្រាប់ ក្នុងវិស័យអាទិភាពនានា។
*ទី៤៖ ការដាក់ឱ្យដំណើរការធនាគារ SMEs ដែលមានដើមទុនដំបូង ១០០ លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ខាងមុខនេះ មានគោលបំណងគាំទ្រដល់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យកម្មន្តសាល, វិស័យសេវាកម្មដែលគាំទ្រវិស័យកម្មន្តសាល, ការកែច្នៃកសិផល និងម្ហូបអាហារ, ធុរៈកិច្ចដែលមាននវានុវត្តខ្ពស់, វិស័យទេសចរណ៍ (ជាពិសេសសេវាកម្ម), វិស័យលក់ដុំ និងលក់រាយ។
*ទី៥៖ ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិន (EDF) មានគោលបំណងគ្រប់គ្រង និងគៀគរធនធាន ដើម្បីគាំទ្រការអភិវឌ្ឍន៍ប្រព័ន្ធអេកូនៃសហគ្រិនភាព និងដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់សកម្មភាពពាក់ព័ន្ធនានា ដែលលើកកម្ពស់ភាពជាសហគ្រិននៅកម្ពុជា។ មូលនិធិនេះនឹងក្លាយជាកត្តាជំរុញដ៏ចម្បងមួយសម្រាប់ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, នវានុវត្តន៍, ការបង្កើនផលិតភាព និងការបង្កើតការងារសមរម្យ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរំពឹងថា នឹងជំរុញធនធានហិរញ្ញវត្ថុពីវិស័យឯកជនបន្ថែមទៀតចូលទៅក្នុងវិស័យឌីជីថល និងជួយដល់សហគ្រាសធុនតូច និងមធ្យម អាចចាប់យកវិស័យឌីជីថល និងក្លាយជាកម្លាំងជំរុញមួយដ៏សំខាន់ ដើម្បីរក្សាចលនការនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។ លោកបន្តថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធានាឱ្យមាននូវប្រព័ន្ធអេកូសហគ្រិនភាពមួយ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងដើម្បីបង្កើតការងារសមរម្យ សម្រាប់ទាំងអស់គ្នា តាមរយៈកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាល៕