(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរនោះ មូលនិធិហោ ណាំហុង-បូរី ហោ ដែលមានឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ជាប្រធាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ដល់កុមារី ស៊ិន ស្រីហង្ស ដែលពិការទាំងដៃ ទាំងជើង ព្រមទាំងសន្យាជួយឧបត្ថម្ភរហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យផងដែរ។
បន្ថែមពីនេះ កុមារី ស៊ិន ស្រីហង្ស គឺជាពិការទាំងដៃទាំងជើង ដែលមានស្មារតីឈ្មុះឈ្មុលចង់ចេះចង់ដឹង បច្ចុប្បន្ននេះ កំពុងតែសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យសំឡូត។ ជាមួយនឹងការនឹងការទទួលបានប្រាក់ឧបត្ថម្ភពីមូលនិធិ «ហោ ណាំហុង-បូរី ហោ» ពីសំណាក់ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងភរិយានោះ កុមារី ស៊ិន ស្រីហង្ស ប្ដេជ្ញាបន្តការិក្សារហូតចប់សាកលវិទ្យាល័យ។
សូមជម្រាបថា បើតាមការបានបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី មូលនិធិហោ ណាំហុង-បូរី ហោ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០១៩ ហើយមកដល់ថ្ងៃនេះ បានជួយឧបត្ថម្ភកុមារកំព្រា ពិការ ខ្សោយសតិបញ្ញា និងកើតជំងឺអេដស៍ផង ព្រមទាំងកុមារពិការភ្នែក និងគថ្លង់ បានចំនួន៣០៥នាក់ហើយ នៅបុរីទារក និងកុមារជាតិភ្នំពេញ និងវិទ្យាល័យអប់រំ ពិសេសក្នុងខេត្តកំពង់ចាម ដោយបានជួយឧបត្ថម្ភថវិកា ចំនួន៩៦០,០០០,០០០រៀល ក្នុង១ឆ្នាំ។
មូលនិធិ ហោ ណាំហុង-បូរីហោ គឺជាការចូលរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសជាការផ្តល់ជំនួយដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការទូទាំងប្រទេសកម្ពុជាផងដែរ៕