(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី ប្រកួតប្រជែង សំណេរភាសាខ្មែរ កម្រិតប៊ែលធី (Beltei Level) លើកទី៣ ឆ្នាំ២០១៩ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៤ ទី៧ និងទី១០ដែលមានបេក្ខជនចំនួន ៥៧នាក់ ដែលមានចំណាត់លេខ១ តាមសាខាទាំង២០ និងចូលរួមប្រកួតប្រជែង ដណ្តើមជ័យលាភី ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាង លោក បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ចំនួនជាង ៤២,០០០នាក់ និងបុគ្គលិកបម្រើការងារ ប្រមាណ២,២១៥នាក់ផងដែរ។ ការប្រកួតប្រជែងនេះ ត្រូវបានចែកចេញជា៣ដំណាក់ កាលដូចខាងក្រោម៖
១៖ ការប្រកួតនៅតាមថ្នាក់ (Class Level Competition) គឺជាការប្រកួត នៅក្នុងថ្នាក់និមួយៗ ដែលទទួលខុសត្រូវ ដោយលោកគ្រូអ្នកគ្រូ ដែលត្រូវជ្រើសរើស សិស្សមកចូលរួមប្រកួតកម្រិតសាខា។
២៖ ការប្រកួតកម្រិតសាខា (Campus Level Competition) គឺជាការប្រកួតប្រជែង នៅតាមបណ្តាសាខា យកសិស្សដែល ទទួលបានចំណាត់ថ្នាក់លេខ១ មកចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកម្រិតប៊ែលធី ។
៣៖ ការប្រកួតកម្រិតប៊ែលធី (BELTEI Level Competition)ការប្រកួតនេះគឺត្រូវបានជ្រើសរើសយកបេក្ខជនដែលជាប់ជ័យលាភីលេខ១ នៃថ្នាក់ទី៤ទី៧និងទី១០ មកពី២០ សាខា ដើម្បីចូលរួមប្រកួតប្រជែង យកជ័យលាភីលេខ១ លេខ២ និងលេខ៣ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ។
លោកប្រធានការិយាល័យ បានឲ្យដឹងបន្តថា គោលបំណងនៃការប្រកួតនេះ ឲ្យសិស្សមានភាពវៃឆ្លាតក្នុងការសិក្សា និងចងចាំបានល្អ ព្រមទាំងស្ទាត់ជំនាញក្នុងការសរសេរពាក្យពេចន៍ នាម គុណនាម កិរិយាស័ព្ទ និងកថាខណ្ឌ ឃ្លាល្បៈ ឲ្យបានត្រឹមត្រូវ ។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សាលាបានទទួលសិទ្ធិផ្ដាច់មុខ លើកម្មវិធី «គណនាលេខរហ័ស» IMA ពីប្រទេសម៉ាឡេស៊ី(Franchise) ក្នុងការអប់រំ និងផ្ដល់ចំណេះដឹង លើកម្មវិធីនេះ។ ការសិក្សាវគ្គ អាយ អឹម អេ នឹងជួយដល់ការបង្កើតល្បឿននែការគិតលេខ និងអភិវឌ្ឍ ក្នុងការប្រើប្រាស់ខួរក្បាលរបស់កុមារឲ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ ឧបករណ៍ក្បាច់ (abacus) និងបច្ចេកទេសបង្រៀន បែបវិទ្យាសាស្ត្រទំនើប និងធ្វើឲ្យសិស្សរបស់យើងពូកែគណិតវិទ្យា ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ និងបានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៤ ទី៧ និងទី១០ ចំនួន៩នាក់ផងដែរ៕