(ក្រចេះ)៖ មន្រ្តីខេត្តក្រចេះ បានអះអាងថា ប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តក្រចេះ បានឃុបឃិតគ្នាផ្ដល់ទីតាំងឲ្យឈ្មួញស្តុកឈើ សំរាប់លក់ចែកចាយនៅក្បែរបន្ទាត់ព្រំដែន ដែលជាការផ្ដល់ឱកាសឲ្យឈ្មួញមានលទ្ធភាពខ្ពស់ ក្នុងការនាំឈើល្មើសច្បាប់ឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម។
យោងតាមច្បាប់អនុញ្ញាតដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចុះហត្ថលេខាអមពីលោក នួន ពៅរតនា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើរបស់នាយផ្នែករដ្ឋព្រៃឈើឆ្លូង បានអនុញ្ញាតឲ្យឈ្មោះទា កែវមុនី បង្កើតរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើមានទីតាំងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ លោក ទ្រី សុភក្តិ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះថា ឈើដែលដឹកមកនោះ មិនបានដាក់នៅទីតាំងរបស់លោកដែលចេញលិខិតនោះឡើយ ពោលឈើទាំងនោះត្រូវបានគេនាំយកទៅស្តុកនៅក្រុមហ៊ុន ម៉ូឌែន ហ្វើនីឈ័រ & វូដ ឯ.ក បង្កើតរោងម៉ាស៊ីនអារកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹមជាបណ្តោះអាសន្នមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមលោក ទ្រី សុភក្តិ បានបញ្ជាក់បន្ថែមថា ទីតាំងស្តុកឈើខាងលើនេះចេញដោយក្រសួងកសិកម្ម ហើយទីតាំងដែលលោកចេញលិខិតអនុញ្ញាតនោះ មិនមានឈើដឹកមកនោះឡើយ ពោលគ្រាន់តែនៅក្នុងភូមិត្រពាំងស្រែជាមួយគ្នាប៉ុណ្ណោះ ដូច្នេះលោកសូមបញ្ជាក់កុំឲ្យមានការភ័ន្តច្រឡំ។
តាមការចុះទៅដល់ទីតាំងស្តុកឈើ ដោយផ្ទាល់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ កន្លែងដែលស្ដុកឈើ គឺស្ថិតនៅតាមបណ្ដោយផ្លូវដីគ្រួសក្រហម ចូលជ្រៅពីថ្នល់ជាតិដែលមានតែផ្ទះបងប្អូនជនជាតិភាគតិច តិចតួច និងចំការកៅស៊ូឯកជន និងជាផ្លូវឆ្ពោះចេញទៅតាមច្រករបៀងព្រំដែន D3-D4 ដែលផ្លូវនេះ សុទ្ធតែមានបារ៉ាស់ហាមចេញ ចូលជាសាធារណៈទៀតផង ដែលងាយអោយឈ្មួញលួចនាំឈើចេញបានយ៉ាងងាយស្រួល។
តាមមន្ត្រី និងអ្នករកស៊ីឈើបានឲ្យដឹងថា ទីតាំងស្តុកឈើរបស់ឈ្មួញដែលលោកទ្រី សុភក្ដិ អនុញ្ញាតច្បាប់នេះ វាគ្មានយុទ្ធសាស្ត្រងាយស្រួលសំរាប់ស្តុកឈើលក់ និងចែកចាយនៅក្នុងស្រុកឡើយ គឺជាទីតាំងស្តុកឈើងាយស្រួល សំរាប់លួចនាំចេញតាមច្រករបៀងព្រំដែននានា យកទៅលក់នៅប្រទេសវៀតណាម ព្រោះទីតាំងនៅក្បែរច្រករបៀងព្រំដែន តែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ។
តាមការឲ្យដឹងពីមន្ត្រីនៅខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន មានឈ្មួញកណ្ដាលចំនួន២នាក់ ម្នាក់ឈ្មោះសោភ័ណ្ឌ និងម្នាក់ទៀតឈ្មោះហេង ដែលពួកគេមានខ្នងបង្អែកជាមន្ត្រីមានឥទ្ធិពលនៅភ្នំពេញ បានរត់ការដឹកឈើចេញពីក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចយ៉ានចាវ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានច្បាប់ដឹកជញ្ជូន (PC) ត្រឹមត្រូវដើម្បីយកទៅលក់ឲ្យអ្នកប្រើប្រាស់ក្នុងស្រុក ដោយក្នុងច្បាប់អនុញ្ញាត ឲ្យដឹក១រថយន្តភ្លៅ ៥ចំណុះ យ៉ាងច្រើនពី១៥ ទៅ១៨ម៉ែត្រគូបប៉ុណ្ណោះ តែពួកឈ្មួញ និងមន្ត្រីរដ្ឋបាលព្រៃឈើឃុបឃិតគ្នាអនុញ្ញាតអោយ ដឹករហូតដល់ជាង ៣០ទៅជាង៤០ម៉ែត្រគូប។
ក្នុងនោះ បើឈើអារប្រភេទលេខ២ ពួកគេសុំ PC ដឹកយកទៅភ្នំពេញ ខេត្តព្រៃវែង តាកែវ កណ្ដាលលក់ឲ្យតាមដេប៉ូឈើនានា តែបើឈើលេខ១ឬឈើប្រណីត គេសុំ PC ដឹកយកមកស្តុកនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ឬនៅភូមិផ្សារក្ដុល ឃុំទន្លូង ស្រុកមេមត់ ដែលជាកន្លែងមានច្បាប់ស្តុក តែពេលយប់ឡើងគេលើកដាក់រថយន្តតួរីស លួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងតែម្ដង៕