(ប៉ៃលិន)៖ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីកាត់ឫសសីមាព្រះវិហារថ្មី វត្តសន្តិមារាម ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងពិធីសម្ពោធឆ្លង និងកាត់ឫសសីមាព្រះវិហារ វត្តសន្តិមារាមនេះផងដែរ ក៏មានការយាងនិមន្តចូលរួមពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ ។
សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស បានមានព្រះរាជបន្ទូល អបអរសាទ ព្រមទាំងថ្លែងព្រះអំណរគុណ និងអរគុណ ចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ជាពិសេសព្រះវិហារថ្មី ដែលកើតចេញពីការខិតខំ ក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងវត្តសន្តិមារាមនេះ។
សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស បានមានព្រះរាជបន្ទូលថា សមិទ្ធផលទាំងអស់នេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើន របស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះដែរ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះសង្ឃដីកាថា រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពពុទ្ធសាសនា និងសាសនាដទៃទៀត ដោយគ្មានការរើសអើង។
សម្តេចព្រះអភិសិរីសុគន្ធា បានមានព្រះសង្ឃដីកាបញ្ជាក់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ហើយប្រជាជនកម្ពុជា ចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ។
ក្នុងឱកាសទូលថ្វាយរបាយការណ៍ស្វាគមន៍ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ព្រះពុទ្ធសាសនាមិនគ្រាន់ តែជាទីគោរពសក្ភារៈបូជាបុណ្ណោះទេ គឺជាប្រភពបណ្តុះនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនា ស្របនឹងស្ថានភាពសង្គមជាតិ កំពុងតែរីកចម្រើនបានបង្ករលក្ខណះសម្បត្តិដល់សកម្មភាពព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យមានរីកចម្រើនដូចវិស័យដទៃទៀត សក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទ ជាក់ស្តែងនៅខេត្តប៉ៃលិន ដែលជាខេត្តបញ្ចប់សង្គ្រាម ក្រោយគេ គឺបច្ចុប្បន្នមានវត្តចំនួន ៣១មណ្ឌលវិបស្សនាធុរៈចំនួន ១ ក្នុងនោះគណៈមហានិកាយចំនួន ២៥វត្ត គណៈធម្មយុត្តិកនិកាយចំនួន ០៦វត្ត មានសាលាធម្មវិន័យចំនួន ៩កន្លែង សាលាពុទ្ធិកបឋមសិក្សាចំនួន ០៩កន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យចំនួន ០១កន្លែង។
លោក ផាន់ ចាន់ធុល បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺត្រូវស្គាល់បុណ្យ ស្គាល់បាប និងត្រូវចូលរួមទប់ស្កាត់នូវរាល់អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។
បើតាមសង្ឃដីការរបស់ព្រះគ្រូធម្មកដ្ឋាធិរាជ សាន លី ព្រះមេគណគណៈធម្មយុត្តិកនិកាយ និងព្រះចៅអធិការវត្តសន្តិមារាម ហៅវត្តអូរច្រាបានឱ្យដឹងថា ព្រះវិហារថ្មីនេះ មានទទឹងប្រវែង ១២ម៉ែត្រ និងបណ្ដោយ ២៤ម៉ែត្រ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៣,៥០០០ដុល្លារ៕