(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ជនពិការមានជំងឺ និងក្រុមគ្រួសារមេ៥០ខ្នង ទី១៥ ភូមិមិត្តភាព មេ៥០ខ្នងទី២ ភូមិទួលសង្កែ ដែលរងរបួស និងរបើកប៉ើងស័ង្កសីដំបូលផ្ទះ ដោយសារជួបគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) និងជួបគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រមាណ១៥គ្រួសារ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ និងសហការីពាក់ព័ន្ធ តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ។
ការថ្លែងអំណរគុណពីសំណាក់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងមេ៥០ខ្នង ដែលជួបឧបទ្ទវហេតុខាងលើនេះ គឺបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយពីពួកគាត់ទទួលបានការស្វាគមន៍ជួបសួរសុខទុក្ខ សំណេះសំណាលផ្ទាល់ ដើម្បីទទួលយកការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិការសង្គ្រោះបន្ទាន់មួយ ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តាមការផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្រៅពីការថ្លែងអំណរគុណ ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងមេ៥០ខ្នង ដែលជួបឧបទ្ទវហេតុ សូមជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះ ក្រុមការងារទាំងអស់ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ចប៉ងប្រាថ្នា និងបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមរំលឹកផងដែរថា ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ជនពិការមានជំងឺ និងក្រុមគ្រួសារមេ៥០ខ្នងទី១៥ ភូមិមិត្តភាព និងមេ៥០ខ្នងទី២ ភូមិទួលសង្កែ ដែលរងរបួស និងរបើកប៉ើងស័ង្កសីដំបូលផ្ទះ ដោយសារជួបគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) និងជួបគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះ បានទទួលការជួយសង្គ្រោះជាបន្តបន្ទាប់ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅ រយៈពេល៣ថ្ងៃជាប់ៗគ្នា តាំងពីថ្ងៃទី២៦-២៧-២៨ ខែមិថុនា ឆ្នាំ២០១៩ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។
ឆ្លៀតក្នុងឱកាសបន្ទាប់ពីថ្លែងអំណរគុណ និងជូនពរ ពីប្រជាពលរដ្ឋនេះដែរ លោកស្រី អាន ផល្លា ជាពិសី បាននាំនូវការផ្ដាំផ្ញើថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានរើសអើងឡើយ អំពីពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ សំខាន់គឺសំដៅជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះ ដោយមិនឲ្យស្លាប់ និងអត់បាយឡើយ ក្នុងពេលប្រទេសជាតិ ទទួលបានសុខសន្តិភាព ពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕